Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតគណបក្សលោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភា ដែលអាចបង្កើតរដ្ឋាភិបាលថ្មី (Video inside)

13-11-2020 11:48

(យ៉ាងហ្គន)៖ លទ្ធផលបោះឆ្នោតផ្លូវការចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបង្ហាញថា គណបក្សកាន់អំណាចមីយ៉ាន់ម៉ារបស់លោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភាទាំងពីរ ដើម្បីបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មីដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមលទ្ធផលបោះឆ្នោតផ្លូវការ ក្រោយការបោះឆ្នោតសកល ធ្វើឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈសរុបចំនួន ៣៤៤ នៅក្នុងសភាទាំងពីរជាន់ថ្នាក់របស់មីយ៉ាន់ម៉ា ឬស្មើនឹង ៨០% នៃអាសនៈសរុបដែលបក្សនេះទទួលបានកាលពីអាណត្តិឆ្នាំ២០១៥។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ការរាប់សន្លឹកឆ្នោតនៅតែកំពុងបន្តនៅឡើយ ដោយនៅសល់ ៦៤ អាសនៈទៀតមិនទាន់មានម្ចាស់នៅឡើយទេ។ ទោះជាបែបនេះក្តី បើគិតតាមចំនួនអាសនៈផ្លូវការជាបណ្តើរៗរបស់ NLD ដែលទទួលបាននៅក្នុងសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និងសភាតំណាងរាស្ត្រ (រដ្ឋសភា) ខាងលើនេះ បក្សលោកស្រី អោងសាន ស៊ូជី ពិតជាអាចបង្កើតរដ្ឋាភិបាលថ្មី ដោយខ្លួនឯងបាន ដើម្បីកាន់អំណាចបន្តមួយអាណត្តិទៀត។

គួរបញ្ជាក់ថា បើតាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ដែលត្រូវបានសម្រួលដោយអតីតរបបដឹកនាំយោធា កាលពីឆ្នាំ២០០៨ យោធាមានអសនៈ ២៥% ជានិច្ចនៅក្នុងសភា ដែលជាសំឡេងគ្រប់គ្រាន់ក្នុងការរាំងខ្ទប់ ចេតនាណាមួយក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បើគេសម្លឹងមើលទៅលើលទ្ធផល ក្រោយការដឹកនាំរបស់លោកស្រី អោងសាន ស៊ូជី ពេញមួយអាណត្តិនេះ សេដ្ឋកិច្ចមីយ៉ាន់ម៉ាអាចមើលឃើញកំណើន ប៉ុន្តែហាក់មានទំហំតិចតួចជាងការសន្យា ខណៈការបង្រួបបង្រួមជាតិវិញ គឺជួបភាពចន្លោះប្រហោងខ្លាំង ជាពិសេសនៅក្រោយបញ្ហារ៉ូហ៊ីងយ៉ា ផ្ទុះឡើងកាលពីឆ្នាំ២០១៧ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះលោកស្រី ស៊ូជី ធ្លាក់ចុះយ៉ាងដុនដាបនៅលើឆាកអន្តរជាតិ។

ងាកទៅមើលកាលពីអាណត្តិឆ្នាំ២០១៥ គណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី បានទទួលអាសនៈសរុប ២៣៨ ក្នុងចំណោមអសនៈសរុប ៤៤០ នៅក្នុងសភាតំណាងរាស្ត្រ (រដ្ឋសភា) ខណៈនៅព្រឹទ្ធសភាវិញគណបក្សដដែលនេះបានទទួលអសនៈសរុប ១២៦ ក្នុងចំណោមអសនៈសរុប ២២៤ ដែលស្មើនឹងសំឡេងភាគច្រើននៅក្នុងសភាទាំងពីរជាន់ថ្នាក់៕