(ស៊ីដនី)៖ ការធ្វើតេស្ដដំបូងលើបេក្ខភាពវ៉ាក់សាំង COVID-19 ដ៏មានសក្ដានុពល អភិវឌ្ឍឡើងដោយសាកលវិទ្យាល័យមួយរបស់អូស្រ្តាលី និងក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL បានបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងអាចបង្កើតអង់ទីករ ប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះបាន។ នេះបើតាមសម្តីរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក ហ្គ្រេន ហាន់ត៍ (Greg Hunt) ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Greg Hunt បានធ្វើការអះអាងដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រនេះ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យឃ្វីនស៍ឡេនដ៍ (University of Queensland) និងក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL នឹងចាប់ផ្ដើមការធ្វើតេស្ដ បេក្ខភាពវ៉ាក់សាំងរបស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ។ លោក Hunt បន្ថែមទៀតថា វ៉ាក់សាំងនេះនឹងត្រូវឆ្លងកាត់ ដំណាក់កាលចុងក្រោយនៃការធ្វើតេស្ដ ហើយអាចនឹងរួចរាល់សម្រាប់ការចែកចាយ នៅត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំ២០២១ខាងមុខនេះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលីបានយល់ព្រមទិញវ៉ាក់សាំង COVID-19 ៥១លានដូសទុកជាមុនពីសាកលវិទ្យាល័យ Queensland ហើយក៏នឹងទិញវ៉ាក់សាំងពីក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) នៅពេលផលិតបានជោគជ័យផងដែរ៕