(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការបោះឆ្នោតសហព័ន្ធ និងប្រចាំរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក បានប្រកាសថា មិនមានភស្ដុតាងណាមួយបញ្ជាក់ពី ការបាត់បង់សន្លឹកឆ្នោត, សន្លឹកឆ្នោតត្រូវបានផ្លាស់ប្ដូរ ឬក៏ប្រព័ន្ធបោះឆ្នោតមានការលួចបន្លំ ឡើយនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមមន្ត្រីទាំងនេះ ក៏បានច្រានចោលការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមអ្នកសាធារណៈរដ្ឋ មួយចំនួនដែលចោទប្រកាន់ថា «មានការលួចបន្លំសន្លឹកឆ្នោត» ទើបនាំឱ្យលោក ដូណាល់ ត្រាំ ចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតសហព័ន្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា បានប្រព្រឹត្តទៅគួរឱ្យទុកចិត្តបានបំផុតមួយ នៅក្នុងប្រវតិ្តសាស្ត្រអាមេរិក ដោយគ្មានភស្ដុតាងណាមួយអាចបញ្ជាក់ថា សន្លឹកឆ្នោតត្រូវបានលុបចោល, បាត់បង់, ផ្លាស់ប្ដូរ ឬក៏មានមធ្យោបាយណាមួយ ដែលបានធ្វើឱ្យខូចដល់សន្លឹកឆ្នោតនោះទេ»។
គួរបញ្ជាក់ថា ប្រតិកម្មខាងលើរបស់ក្រុមមន្ត្រីផ្នែកកិច្ចការបោះឆ្នោតអាមេរិក កើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតនៅតែអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត ដោយមានការលួចលុបចោលសន្លឹកឆ្នោតជាង ២.៧លានសំឡេង ដែលប្រជាជនអាមេរិកបោះឆ្នោតឱ្យរូបលោក នៅទូទាំងប្រទេស និងការលួចសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹកពីរូបលោក ទៅឱ្យលោក ចូ បៃដិន នៅក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋដទៃៗទៀត៕