(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តជ្រើសរើសអ្នកនយោបាយជើងចាស់មួយរូប គឺលោក រ៉ូន ក្លេន (Ron Klai) ឲ្យធ្វើជានាយសេនាធិការសេតវិមាន នៅពេលលោកស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Ron Klain ធ្លាប់បម្រើការងារជាទីប្រឹក្សាជាន់ខ្ពស់ ដ៏គួរឲ្យទុកចិត្តម្នាក់របស់លោក បៃដិន អំឡុងទសវត្សរ៍ ១៩៨០ នៅក្នុងព្រឹទ្ធសភា និងនៅពេលលោក បៃដិន ជាប់ជាអនុប្រធានាធិបតី ក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ លោក Ron Klain ក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងសេតវិមានជំនាន់លោក អូបាម៉ា និងជានាយសេនាធិការម្នាក់ នៃអតីតអនុប្រធានាធិបតី លោក អាល់ ហ្គ័រ (Al Gore) ហើយមិនតែប៉ុណ្ណោះ លោកក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង និងដោះស្រាយវិបត្តិជំងឺអេបូឡា កាលពីឆ្នាំ២០១៤ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នោះទេ ហើយថែមទាំងកំពុងបន្តប្ដឹងជំទាស់លទ្ធផលបោះឆ្នោត តាមផ្លូវតុលាការទៀតផង។ តែទោះជាយ៉ាងណា អ្នកជំនាញភាគច្រើនយល់ថា នឹងមិនមានអ្វីប្រែប្រួលដល់លទ្ធផលបោះឆ្នោតនោះឡើយ ខណៈលោក បៃដិន ត្រូវបានគេរាយការណ៍ថា កំពុងផ្ដោតជាសំខាន់ ក្នុងការជ្រើសរើសមន្ត្រីសម្រាប់រដ្ឋបាលថ្មីរបស់លោក៕