(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបានបោះជំហានមួយថ្មីទៀត នៅក្នុងយុទ្ធសាស្ត្រតវ៉ាតាមផ្លូវច្បាប់ ដើម្បីសុំឲ្យធ្វើមោឃភាពជ័យជម្នះរបស់លោក ចូ បៃដិន ជាមួយការដាក់ពាក្យបណ្ដឹងក្នុងរដ្ឋ មីឈីហ្គែន (Michigan) ស្របពេលរដ្ឋ ចរជា (Georgia) ប្រកាសរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ខណៈក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កំពុងប្ដឹងផ្ដល់ជំទាស់លទ្ធផលបោះឆ្នោតក្នុងរដ្ឋ Michigan និងរារាំងមិនឱ្យមានការទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលបង្ហាញថា លោកចាញ់លោក ចូ បៃដិន ក្នុងរដ្ឋ Swing state មួយនេះ នៅឯរដ្ឋ Georgia ឯណោះវិញក៏បានសម្រេចចិត្តរាប់សន្លឹកឆ្នោតឡើងវិញ ដោយដៃផងដែរ។ នៅក្នុងរដ្ឋ Michigan លោក ត្រាំ ស្ថិតនៅពីក្រោយលោក បៃដិន ដល់ទៅ ១៤៨,០០០សំឡេង ឬ ២.៦ភាគរយ ហើយរដ្ឋ Georgia លោក បៃដិន នាំមុខលោក ត្រាំ ប្រមាណ ១៤,០០០សំឡេង ឬ ៣ភាគរយប៉ុណ្ណោះ។
លេខាធិការនៃរដ្ឋ Georgia លោក ប្រ៊ែដ រ៉ាហ្វហ្វិនស្ពើហ្គឺ (Brad Raffensperger) បានប្រកាសថាការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ នឹងត្រូវធ្វើឡើងនៅក្នុងតំបន់ចំនួន ១៥៩នៃរដ្ឋនេះ ហើយលោករំពឹងថា ការរាប់សន្លឹកឆ្នោតឡើងវិញនេះ នឹងចាប់ផ្ដើមក្នុងសប្ដាហ៍នេះ ក៏ដូចជានឹងបញ្ចប់តាមរយៈការចេញ វិញ្ញាបនប័ត្រទទួលស្គាល់លទ្ធផលបោះឆ្នោត នៅថ្ងៃទី២០ ខែវិច្ឆិកា ជាកំហិត។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ឡើយដោយសំអាងថា «មានការលួចបន្លំសន្លឹកឆ្នោត»។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញភាគច្រើនយល់ថា ទោះបីជាមានការរាប់សន្លឹកឆ្នោតឡើងវិញ ក៏ប្រហែលជានឹងមិនធ្វើឱ្យមានការប្រែប្រួល ដល់ជ័យជម្នះរបស់លោក បៃដិន នោះដែរ។ លោក បៃដិន នៅពេលនេះកំពុងផ្ដោត ជាសំខាន់លើការបង្កើតរដ្ឋាភិបាលថ្មី ដោយចាប់ផ្ដើមជ្រើសរើសក្រុមមន្ត្រីរបស់លោកជាបណ្តើរៗរួចទៅហើយ៕