(អាមេរិក)៖ បន្ទាប់ពីក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech) បានប្រកាសអំពីជោគជ័យ និងប្រសិទ្ធភាពជាង ៩០% នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 នោះ ក្រុមហ៊ុនធំមួយទៀតគឺម៉ូឌែណា (Moderna Inc) ត្រូវបានអ្នកជំនាញកំពូលនៅអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) អះអាងថា នឹងបញ្ចេញលទ្ធផលអំពីការធ្វើតេស្តរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អាន់ថូនី ហ្វូស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺមិនដល់មួយសប្តាហ៍ឡើយ ទិន្នន័យពីការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna Inc នឹងត្រូវបញ្ចេញ...។ វាទំនងជាមិនអាចមានប្រសិទ្ធភាព ៩៥%ឡើយ ប៉ុន្តែវាអាចមានត្រឹម ៩០% ឬ ៨៩% ឬក៏ច្រើនជាងនេះរហូតដល់ទៅ ៩៦%... វាអាចស្ថិតនៅចន្លោះៗហ្នឹងហើយ បើតាមមើលទៅ...»។
បើតាមលោក អាន់ថូនី ហ្វូស៊ី ដដែល ប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Moderna ប្រហែលជាមិនខុសទៅនឹងវ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer នោះឡើយ។ ក្រុមហ៊ុន Pfizer និង BioNTech បានប្រកាសកាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំង COVID-19 របស់ពួកគេបានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅជាង ៩០% លើអ្នកចូលរួមធ្វើតេស្តទាំងអស់។
គួរបញ្ជាក់ថា ក្រោយការប្រកាសអំពី «ភាពវិជ្ជមានបំផុតមិនធ្លាប់មាន» នៃការអភិវឌ្ឍវ៉ាក់សាំង ដោយក្រុមហ៊ុនអាមេរិក Pfizer សេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារហិរញ្ញវត្ថុ និងតម្លៃប្រេងសកលបានស្ទុះងើបឡើងវិញភ្លាមៗ។ ហេតុដូច្នេះអ្នកតាមនានាបានរំពឹងថា ការប្រកាសលទ្ធផលតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងធ្វើឲ្យការភ័យខ្លាចកាន់តែត្រូវរំសាយមួយភាគធំទៀត ចេញពីពិភពលោក៕