(សៅប៉ូឡូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចិន សាយណូវ៉ាក់-បាយអូធិច (Sinovac Biotech) បន្តការធ្វើតេស្តពិសោធន៍វ៉ាក់សាំង Covid-19 របស់ខ្លួនឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីបានផ្អាកពីរថ្ងៃ នៅក្នុងអ្វីដែលក្រុមអ្នករិះគន់បានពណ៌នាថា ជាការសម្រេចចិត្តពាក់ព័ន្ធនឹងនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលប្រេស៊ីល ហៅកាត់ថា Anvisa បាននិយាយថា ឥឡូវនេះពួកគេបានទទួលព័ត៌មានលម្អិតបន្ថែមទៀត អំពីលក្ខណៈនៃឧប្បត្តិហេតុមិនល្អ ដែលនាំឲ្យបញ្ឈប់ការធ្វើតេស្តវ៉ាក់សាំង CoronaVac របស់ចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ នោះហើយ។ ជាមួយនឹងការបញ្ជាក់បន្ថែមថា ព័ត៌មានទាំងនោះ គឺគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យបន្តការធ្វើតេស្តវ៉ាក់សាំងឡើងវិញ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលបានរិះគន់ វ៉ាក់សាំង CoronaVac របស់ចិននេះបានអះអាងថា ការផ្អាកធ្វើតេស្តនេះគឺជាជោគជ័យមួយ។ ទោះយ៉ាងណា មន្រ្តីសុខភាពសាធារណៈបាននិយាយថា«ឧប្បត្តិហេតុមិនល្អ» ដែលនាំឲ្យស្លាប់អ្នកទទួលស្ម័គ្រចិត្តចូលរួមធ្វើតេស្ត ដែលប៉ូលីសកំពុងស៊ើបអង្កេតនោះថា ជាការធ្វើអត្តឃាតខ្លួនឯងទេ មិនមានការជាប់ទំនាក់ទំនងជាមួយវ៉ាក់សាំងនោះទេ។
គួរជម្រាបថា ប្រទេសប្រេស៊ីល បានសម្រេចចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ៤៦លានដូស នៅក្នុងតម្លៃ ៩០លានដុល្លារអាមេរិកពីក្រុមហ៊ុនចិន សាយណូវ៉ាក់-បាយអូធិច (Sinovac Biotech) ខណៈប្រេស៊ីល ក៏ជាទីកន្លែងធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុននេះ នៅក្នុងតំណាក់កាលទី ៣ (Pharse III) ផងដែរ៕