(រ៉ង់ហ្គូន)៖ គណបក្សប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានច្រានចោល នូវលទ្ធផលនៃការបោះឆ្នោតនៅសប្តាហ៍នេះ ដោយបានចាត់ទុកថា ជារឿងអយុត្តិធម៌ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតសាជាថ្មី ខណៈការទាមទារនេះ ត្រូវបានអាជ្ញាធរបោះឆ្នោត ធ្វើការបដិសេធភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ទោះបីជា លទ្ធផលផ្លូវការមិនទាន់បានប្រកាសនៅឡើយក៏ដោយ ក៏ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកស្រីអ៊ុង សានស៊ូជី បានប្រកាសរួចស្រេចទៅហើយ នូវជ័យជម្នះភ្លូកទឹកភ្លូកដី ដោយផ្អែកលើស្ថិតិផ្ទាល់របស់ខ្លួន ដែលទទួលបាមមកពីទូទាំងប្រទេស។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ាបានប្រព្រឹត្តទៅយ៉ាងរលូន ប៉ុន្តែពួកគេបានរិះគន់ចំពោះការខ្វះតម្លាភាព ការរើសអើង និងវិធានការរឹតត្បិតនានានៅចំពោះមុខ COVID-19 ដែលពួកគេបានអះអាងថា ផ្តល់ប្រយោជន៍ដល់បក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD ) របស់លោកស្រី អ៊ុង សានស៊ូជី។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសហភាពសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) ដែលជាបក្សប្រឆាំង បានច្រានចោលការបោះឆ្នោត។ លោក Win Win Aung បានលើកឡើងយ៉ាងដូច្នេះថា«យើងសូមបដិសេធការបោះឆ្នោត ពីព្រោះវាគឺអយុត្តិធម៌»។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានអះអាងទៀតថា មនុស្សដែលគ្មានសិទ្ធិបោះឆ្នោតជាច្រើន បានមកបោះឆ្នោត។
គួរជម្រាបថា គណបក្សកាន់អំណាចមីយ៉ាន់ម៉ា របស់លោកស្រី អោងសាន ស៊ូជី កាលថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថាខ្លួនទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើត រដ្ឋាភិបាលថ្មី ទោះលទ្ធផលផ្លូវការមិនទាន់ប្រកាសក៏ដោយ។ ការបោះឆោតសកលក្នុងប្រទេស មីយ៉ាន់ម៉ា បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ហើយគណបក្សរបស់លោកស្រី ស៊ូជី ក៏ធ្លាប់ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីដែរកាលពីឆ្នាំ២០១៥ ដោយទទួលបាន ៣៩០អាសនៈ៕