(ម៉ានីល)៖ មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅផ្នែកខ្លះនៃប្រទេសប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ ខណៈដែលព្យុះទី៣ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ នឹងវាយប្រហារមកលើប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ព្យុះ Vamco ដែលត្រូវបានគេរំពឹងថានឹងវាយប្រហារមកលើខេត្ត Catanduanes ដែលទើបរងការបំផ្លិចបំផ្លាញ ដោយព្យុះ Goni កាលពី២សប្តាហ៍មុន កំពុងឆ្ពោះទៅកាន់កោះ Luzon ជាតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតនៅថ្ងៃពុធនេះ ឬថ្ងៃព្រហស្បតិ៍ស្អែក។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន PAGASA បានឱ្យដឹងថា ខ្យល់ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ និងខ្យល់ បោកបក់ខ្លាំង នៅផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងត្បូងកោះ Luzon។ អ្នកនាំពាក្យកងកម្លាំងការពារស៊ីវិលក្នុងតំបន់លោក Gremil Alexis Naz បានឱ្យដឹងថា ពលរដ្ឋប្រមាណ
៥ម៉ឺននាក់ដែលរស់នៅតាមគន្លងព្យុះ នឹងត្រូវបញ្ជាឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់។
នៅតំបន់ Bicol ដែលព្យុះ Vamco នឹងឆ្លងកាត់ មុនឆ្ពោះទៅកាន់ទីក្រុងម៉ានីល កំពុងបន្តស្ថិតនៅក្នុងសភាពវិលវល់នៅឡើយ បន្ទាប់ពីព្យុះ Molave និង Goni ដែលបានសម្លាប់មនុស្ស ជាច្រើននាក់ និងធ្វើឱ្យពលរដ្ឋរាប់ពាន់គ្រួសារគ្មានផ្ទះសម្បែង។ តំបន់ទាំងនោះនៅតែបន្តគ្មានអគ្គិសនី និងសេវាទូរគមនាគមន៍ប្រើប្រាស់បន្ទាប់ពីព្យុះ Goni ជាព្យុះទីហ្វុងខ្លាំងបំផុត ប្រចាំឆ្នាំបានវាយប្រហារ។ មនុស្សប្រមាណ ៤០០,០០០ ត្រូវបានជម្លៀសចេញមុនពេលព្យុះមកដល់។
កិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋ នៅក្នុងខេត្ត Catanduanes មានភាពស្មុគស្មាញខ្លាំងណាស់ ក្រោយពីព្យុះ Goni បានបំផ្លាញជម្រកសុវត្ថិភាពមួយចំនួន។ អភិបាលខេត្ត Catanduanes លោក Joseph Cua បានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុក ABS-CBN ដូច្នេះថា៖ «យើងទើបតែស្តារឡើងវិញបានតែ១ ភាគរយប៉ុណ្ណោះ ហើយឥឡូវនេះយើង ត្រូវដោះស្រាយជាមួយព្យុះថ្មីមួយទៀត... ខ្ញុំសង្ឃឹមថាពលរដ្ឋនឹងមិនធុញទ្រាន់ក្នុងការជួយពួកយើងនោះទេ»។
គួរជម្រាបថា បើតាមទីភ្នាក់ងារឧតុនិយមហ្វីលីពីន កម្លាំងខ្យល់បក់ពីឥទ្ធិពលព្យុះនេះមានចន្លោះពី១៣០ គីឡូម៉ែត្រទៅ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលវាធ្លាក់មកដល់ដី។ ព្យុះទីហ្វុងនេះ ក៏ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងម៉ានីល និងបណ្តាខេត្តក្បែរនោះដែរ។ ទីភ្នាក់ងារដដែល បានព្រមានពីគ្រោះទឹកជំនន់ ការរអិលបាក់ដី និងឥទ្ធិពលព្យុះកើនឡើងខ្លាំងនៅតាមបណ្តោយផ្នែកខ្លះនៃឆ្នេរសមុទ្រខាងកើត និងនៅក្នុងរដ្ឋធានីផងដែរ។ ប្រទេសហ្វីលីពីនរងការវាយប្រហារដោយព្យុះជាមធ្យម ២០ ជារៀងរាល់ឆ្នាំដែលជាធម្មតាបំផ្លាញផលដំណាំ ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕