(ឌូបៃ)៖ នាយករដ្ឋមន្ត្រីនៃប្រទេសបារ៉ែន ព្រះអង្គម្ចាស់ Khalifa bin Salman al Khalifa បានទទួលមរណភាពហើយ ក្នុងព្រះជន្ម៨៤ ព្រះវស្សា លើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបារ៉ែន ព្រះអង្គម្ចាស់ Khalifa bin Salman al Khalifa បានទទួលមរណភាព នៅព្រឹកថ្ងៃពុធនេះ នៅឯមន្ទីរពេទ្យ Mayo Clinic ក្នុងសហរដ្ឋអាមេរិក។ ព្រះសពរបស់ទ្រង់នឹងត្រូវបានធ្វើមាតុភូមនិវត្តន៍មកកាន់ប្រទេសបារ៉ែនវិញ ហើយពិធីបញ្ចុះព្រះសពនឹងត្រូវធ្វើឡើងក្រោមការកំណត់ចំនួនមនុស្សចូលរួម។ ការកាន់ទុកទូទាំងប្រទេសរយៈពេលមួយសប្ដាហ៍ក៏ត្រូវបានប្រកាសផងដែរ៕