(សូហ្វីយ៉ា)៖ ក្រសួងសុខាភិបាលនៃប្រទេសប៊ុលហ្គារី នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញ COVID-19 សរុប ៤,៣៩០ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៨៣,៣៦៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ចំនួនករណីឆ្លងប្រចាំថ្ងៃខាងលើ គឺមានការកើនឡើងច្រើនបន្ថែមទៀត បើធៀបទៅនឹងកាលពីថ្ងៃទី០៥ ខែវិច្ឆិកាកន្លងទៅ ជាពេលដែលក្រសួងសុខាភិបាលប៊ុលហ្គារី ប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 សរុប ៤,០៥៤ករណី។
ទោះជាកំពុងប្រឈមមុខ នឹងករណីឆ្លងយ៉ាងគំហុកបែបនេះក្ដី ក៏រដ្ឋាភិបាលប៊ុលហ្គារី នៅតែមិនទាន់បង្ហាញពីបំណងអនុវត្ត វិធានការបិទប្រទេសនោះទេ ខណៈប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប បានចាប់ផ្ដើមបិទប្រទេសឡើងវិញជាបណ្ដើរៗហើយ។ នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក ប៊យកូ បូរីសសូវ (Boyko Borissov) បានបញ្ជាក់ នៅក្នុងសារមួយយ៉ាងខ្លី ដែលត្រូវបានបង្ហោះលើ Twitter យ៉ាងដូច្នេះថា «យើងនឹងមិនបិទប្រទេសឡើយ»។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលប៊ុលហ្គារី ពេញមួយថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 សរុប ៨០នាក់ក៏បានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១,៨៥១នាក់ ហើយនិង ២៥,៧៩៩នាក់ជាសះស្បើយឡើងវិញ៕