(ឡុងដ៍)៖ ចក្រភពអង់គ្លេសនាថ្ងៃអង្គារសប្តាហ៍នេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងឥតឈប់ឈរ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា ជំងឺធាត់លើសទម្ងន់ គឺជាបញ្ហាសុខភាពសាធារណៈដ៏ធំ និងយូរអង្វែងបំផុតមួយ របស់ចក្រភពអង់គ្លេស ដោយជិតពីរភាគបីនៃមនុស្សពេញវ័យនៅអង់គ្លេស សុទ្ធតែធាត់លើសទម្ងន់ ហើយក្មេងៗម្នាក់ក្នុងចំណោមបីនាក់ គឺតែងមានបញ្ហានេះ។ ផែនការដាក់បំរាមខាងលើរបស់រដ្ឋាភិបាលអង់គ្លេស មានគោលដៅហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រប់ទម្រង់តាមអនឡាញ អំពីប្រភេទអាហារទាំងឡាយណា ដែលមានសម្បូរសារធាតុខ្លាញ់ ស្ករ និងអំបិលខ្ពស់។
បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាល នៃចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) បានឲ្យដឹងថា ស្របពេលដែលក្មេងៗបច្ចុប្បន្ន ចំណាយពេលកាន់តែច្រើនឡើងនៅលើអ៉ីនធើណិត ឪពុកម្តាយពួកគេចង់បានការជួយធានាថា ពួកគេនឹងមិនរងឥទ្ធិពល នៃការផ្សព្វផ្សាយលើកកម្ពស់អំពីអាហារមិនល្អ ចំពោះសុខភាពនោះឡើយ ដែលអាចប៉ះពាល់ដល់ទម្លាប់ហូបអាហាររបស់ពួកគេ អស់មួយជីវិតបាន។
គួរបញ្ជាក់ថា ផែនការចាត់វិធានការ លើក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារ តាមអនឡាញខាងខាងលើនេះ កំពុងត្រូវឆ្លងកាត់ការប្រឹក្សាយោបល់ ជាមួយឧស្សហកម្មពាក់ព័ន្ធ និងមហាជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដែលអាចនឹងចេញលទ្ធផល ឬសេចក្តីសម្រេចនៅក្នុងរយៈពេល ០៦សប្តាហ៍បន្ទាប់នេះ៕