(ប៉េកាំង)៖ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឱ្យគេជឿជាក់ថា យោធាចិនប្រហែលជាមាន មីស៊ីលប្រឆាំងរ៉ាដាស៊េរីថ្មីចុងក្រោយបំផុតមួយ ដែលមានសមត្ថភាពកម្ទេច ប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងរូបភាពដែលគេថតចេញពីវីដេអូរបស់ កងទ័ពរំដោះប្រជាជនចិន PLA បានបង្ហាញពីមីស៊ីលស៊េរីថ្មីមួយ នៅខាងក្រោមស្លាបនៃយន្ដហោះចម្បាំង J-11BS ហើយគេនៅមិនទាន់អាចកំណត់ឱ្យប្រាកដ ពីប្រភេទមីស៊ីលនេះនៅឡើយទេ។ ប៉ុន្តែអ្នកជំនាញខាងយន្ដហោះចម្បាំងអាល្លឺម៉ង់ លោក អាន់ឌ្រាស រ៉ាប់ប្រេច (Andreas Rupprecht)យល់ថា វាគឺជាប្រភេទមីស៊ីលប្រឆាំងរ៉ាដា ដែលមានសមត្ថភាពកម្ទេចប្រព័ន្ធរ៉ាដា នៃខែលការពារមីស៊ីលរបស់សត្រូវ។
គួរជម្រាបថា បើតាមលោក Andreas Rupprecht មីស៊ីលប្រឆាំងរ៉ាដាស៊េរីថ្មីខាងលើ បានបង្ហាញកាន់តែច្បាស់ថា បច្ចុប្បន្នចិនមានការរីកចម្រើនយ៉ាងលឿនរហ័ស ខាងផលិតសព្វាវុធបំពាក់បច្ចេកវិទ្យាទំនើបៗ ដោយខ្លួនឯង បន្ទាប់ពីបានពឹងផ្អែក អស់រយៈពេលជាយូរមកហើយ លើបច្ចេកវិទ្យាមីស៊ីលផលិតដោយអតីតសហភាពសូវៀត និងរុស្ស៊ី៕