(សិង្ហបុរី)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយឈ្នះទាំងសំឡេង Popular vote និងអង្គបោះឆ្នោត (អ្នកតំណាងបោះឆ្នោត) ហើយជ័យជម្នះនេះកើតឡើងដោយសារតែ «កត្តាៗចម្បងមួយចំនួន» ជាពិសេសគឺបរាជ័យក្នុងការដោះស្រាយវិបត្តិ COVID-19 របស់លោក ត្រាំ តែម្ដង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីកំពុងកាន់អំណាចមានចំនួន ០៥រូប ដែលបរាជ័យមិនអាចជាប់ឆ្នោតមួយអាណត្តិទៀត ក្នុងនោះរួម មាន លោក ចច ប៊ូស (George HW Bush), លោក ជីមមី ខាថឺ (Jimmy Carter), លោក ហ្គែរ៉ាល់ ហ្វដ (Gerald Ford) និងលោក ហឺប៊ឺត ហ៊ូវើរ (Herbert Hoover) រួមទាំងលោក ដូណាល់ ត្រាំ ហើយពួកគេសុទ្ធតែដឹកនាំប្រទេស កំឡុងការដើរថយក្រោយនៃសេដ្ឋកិច្ចអាមេរិក។
តែផ្ទុយពីប្រធានាធិបតីទាំងនេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាដោះស្រាយបញ្ហាសេដ្ឋកិច្ចបានល្អជាងគេ ដោយការស្ទង់មតិទាំងថ្នាក់ជាតិ និងក្នុងរដ្ឋ Swing states បានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើន នៅតែយល់ថា លោក ត្រាំ មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច ឬវិបត្តិគ្មានការងារធ្វើប្រសើរជាងលោក បៃដិន។ ចុះបើល្អបែបនេះហេតុអ្វី បានលោក ត្រាំ នៅតែចាញ់លោក ចូ បៃដិន?
ជុំវិញបញ្ហានេះ អ្នកជំនាញនយោបាយអន្តរជាតិ ដូចជាលោក ស្ទេវិន អូឃុន (Steven R Okun) យល់ថា បរាជ័យដ៏ធំរបស់លោក ត្រាំ នោះគឺការដោះស្រាយវិបត្តិ COVID-19 តែម្ដង។ បើតាមការស្ទង់មតិ ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោត ច្រើនជាង ៤នាក់ ក្នុងចំណោម ១០នាក់ បាននិយាយថា COVID-19 គឺជាបញ្ហាចម្បង ហើយការឆ្លង COVID-19 របស់លោក ត្រាំ កាន់តែធ្វើឱ្យធ្វើឱ្យអ្នកបោះឆ្នោតមើលឃើញយ៉ាងច្បាស់ ពីបរាជ័យនៃរដ្ឋបាលរបស់លោក ក្នុងការទប់ស្កាត់ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ២សែននាក់ ហើយក្នុងចំណោមអ្នកឆ្លងសរុបជាង ១០លាននាក់។ ការឆ្លង COVID-19 ប្រហែលជាធ្វើប្រជាជនអាមេរិកយល់ថា សូម្បីតែលោកប្រធានាធិបតីខ្លួនឯង ក៏ឆ្លងជំងឺនេះដែរ ហើយគាត់មិនអាចការពារខ្លួនឯងបានផង ដូច្នេះតើគាត់អាចការពារប្រជាជនអាមេរិកទាំងមូល បានយ៉ាងដូចម្ដេចទៅ?
បន្ថែមពីលើនេះ ការកសាងមូលដ្ឋានឡើងវិញក្នុងបណ្ដារដ្ឋ ប៊ូវ៉ល (Blue Wall) ដូចជារដ្ឋ មីឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋ វិសខុស៊ីន (Wisconsin) ជាដើម ដែលមានប្រពៃណីបោះឆ្នោត ឱ្យគណបក្សប្រជាធិបតេយ្យ ក៏ជាមូលហេតុមួយធ្វើឱ្យលោក បៃដិន អាចផ្ដួលលោក ដូណាល់ ត្រាំ បានផងដែរ។ រដ្ឋទាំងនេះកាលពីឆ្នាំ២០១៦ បានប្រែចិត្តទៅបោះឆ្នោតគាំទ្រលោក ត្រាំ កាលពីឆ្នាំ២០១៦។
គួរជម្រាបថា មកទល់នឹងពេលនេះ លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន នោះទេ ដោយលោកចោទថា មានការលួចបន្លំសន្លឹកឆ្នោត ហើយកំពុងព្យាយាមតវ៉ាតាមផ្លូវច្បាប់ ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោត ទៅកាន់តុលាការកំពូល។ ម្យ៉ាងវិញទៀត បើតាមមនុស្សជុំវិញលោក ត្រាំ លោកប្រធានាធិបតីរូបនេះ មិនមានបំណងទទួលស្គាល់បរាជ័យនោះទេ តែលោកអាចនឹងចាកចេញពីសេតវិមាន នៅពេលអាណត្តិប្រធានាធិបតីរបស់លោកបិទបញ្ចប់៕