(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់ប្រទេសស្រីលង្កា ចំនួន ២០ភាគរយ នៃចំនួនប្រជាជនសរុប នៅពេលវាត្រូវបានអភិវឌ្ឍរួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងកិច្ចពិភាក្សាមួយ ដែលបានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងសុខាភិបាលស្រីលង្កា និងអ្នកតំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំស្រីលង្កា នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា WHO បានសន្យាផ្តល់វ៉ាក់សាំង ដល់រដ្ឋាភិបាលនៃប្រទេសនេះ ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺ COVID-19 នៅក្នុងប្រទេស។
ជុំវិញបញ្ហានេះដែរ ក្រសួងសុខាភិបាលស្រីលង្កា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរបានចាត់ចែងក្រុមបច្ចេកទេសមួយក្រុម ដើម្បីកំណត់អត្តសញ្ញាណជនអទិភាព ដែលត្រូវទទួលបាន ការចាក់វ៉ាក់សាំងមុនគេ នៅពេលទទួលបានភ្លាម។
គួរជម្រាបថា បើយោងតាមគេហទំព័រ worldmeter បានឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសស្រីលង្កា មានចំនួនអ្នកកើតជំងឺ COVID-19 សរុប ១៤,២៨៥ករណី ក្នុងនោះស្លាប់ ៣៦នាក់ និងជាសះស្បើយ ៩,៥៣៧នាក់៕