Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយាលោក ដូណាល់ ត្រាំ ទាត់ចោលព័ត៌មានអំពីការលែងលះស្វាមី ខណៈអាណត្តិប្រធានាធិបតីរូបនេះ ជិតបញ្ចប់

10-11-2020 18:17

(វ៉ាស៊ីនតោន)៖ ជំទាវទីមួយអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានចោទប្រកាន់លោកស្រី អូម៉ារ៉ូសា ម៉ានីហ្គាល ញូមែន (Omarosa Manigault Newman) ដែលជាអតីតមនុស្សជំនិតម្នាក់ របស់លោក ដូណាល់ ត្រាំ ថាបានជះកំហឹង និងចង់សងសឹកចំពោះលោកស្រី តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា ទំនាក់ទំនងស្នេហារយៈពេល ១៥ឆ្នាំមកនេះរវាងលោកស្រី និងលោក ត្រាំ បានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រតិកម្មខាងលើដែលត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យលោកស្រី Melania Trump កើតមានឡើងបន្ទាប់ពីលោកស្រី Omarosa បាននិយាយជាមួយពិការិនីទូរទស្សន៍ស្កុតឡែនម្នាក់ គឺលោកស្រី ឡូរែន ឃែល្លី (Lorraine Kelly) កាលពីពេលថ្មីៗនេះថា លោកស្រី Melania នឹងលែងលះជាមួយលោក ដូណាល់ ត្រាំ នៅពេលអាណត្តិប្រធានាធិបតីរបស់លោកត្រូវបញ្ចប់។

បន្ថែមពីខាងលើនេះ លោកស្រី Omarosa ក៏បានអះអាងដែរថា លោក ត្រាំ អាចនឹងពិន័យលោកស្រី Melania បើសិនជាលោកស្រីហ៊ានសុំលែងលះ អំឡុងពេលលោកកំពុងកាន់អំណាច ហើយការពិន័យទាំងនោះទៀតសោត រួមមានទាំងការដកសញ្ជាតិអាមេរិក ដែលោកស្រីទទួលបានពេលរៀបការជាមួយលោក ត្រាំ កាលពីឆ្នាំ២០០៥ ផងដែរ។

គួរបញ្ជាក់ថា ព័ត៌មានអំពីការប្រេះឆាទំនាក់ទំនងស្នេហារវាងលោក ត្រាំ និងភរិយា ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយ តាំងតែពីពេលលោក ត្រាំ ទើបឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦មកម្ល៉េះ។ ទោះជាបែបនេះក្តី ព័ត៌មានទាំងអស់នោះ ត្រូវបានអ្នកនាំពាក្យលោក ដូណាល់ ត្រាំ និងលោកស្រី Melania បដិសេធជារឿយៗ៕