(ឡុងដ៍)៖ ស្របពេលដែលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ មិនទាន់ចេញជាផ្លូវការនៅឡើយ លោក ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីជាប់ឆ្នោត បានប្រកាសរួចហើយថា លោកបានចាប់ផ្តើមផែនការផ្លាស់ប្តូរមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៅក្នុងប្រទេស ដែលបញ្ច្រាសពីគោលនយោបាយមួយចំនួន នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ The Sunday Times ដកស្រង់ដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
សារព័ត៌មានអង់គ្លេស The Sunday Times បានដកស្រង់សម្ដីចេញពីប្រភពមួយ ដែលមិនបានបញ្ចេញអត្តសញ្ញាណថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden អាចនឹងតែងតាំងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តធំបំផុតប្រចាំទ្វីបអឺរ៉ុប។
ប្រភពនោះបានអះអាងយ៉ាងច្បាស់ ពីពាក្យសម្ដីរបស់លោក Biden ដែលធ្លាប់បានបម្រើការជាអនុប្រធានាធិបតីអាមេរិក ខណៈលោក Obama ជាប្រធានាធិបតីអាមេរិក កាលពីចន្លោះឆ្នាំ២០០៩-២០១៧ ថា «ខ្ញុំបានលឺយ៉ាងច្បាស់ថា វាពិតជាអាចកើតមានឡើងដែលលោក Obama អាចត្រូវបានគេស្នើឱ្យឡើងកាន់តំណែង ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅចក្រភពអង់គ្លេស...»។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ការផ្លាស់ប្តូរសក្តានុពល ក្នុងការតែងតាំងលោក Obama ជាឯកអគ្គរដ្ឋទូតអាចបង្ហាញភាពអាម៉ាស់ ដល់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ដែលត្រូវបានគេបានធ្វើការកត់សម្គាល់ឃើញថា តាំងពីដើមមក លោកមិនដែលមានភាពរាក់ទាក់ ចំពោះអតីតប្រធានាធិបតីអាមេរិករូបនេះទេ៕