(តូក្យូ)៖ ទីប្រឹក្សាសេដ្ឋកិច្ចដ៏លេចធ្លោមួយរូបរបស់ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ គួរតែត្រៀមខ្លួនសម្រាប់ «យុគសម័យគ្មានមេដឹកនាំ» ស្របពេលដែលភាពជាអ្នកដឹកនាំពិភពលោក របស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះបន្តិចម្តងៗ និងពង្រីកទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ស្របពេលនៃការពង្រឹងសម្ព័ន្ធភាពផ្នែកសន្តិសុខ ជាមួយក្រុងវ៉ាស៊ីនតោនដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១០ ខែវិច្ឆកា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) មិនបានខ្ជះខ្ជាយពេលវេលាសូម្បីតែបន្តិច ដើម្បីអបអរសាទរដល់ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក គឺលោក ចូ បៃដិន កាលពីសប្តាហ៍មុន ទោះបីជាមានការបដិសេធ មិនទទួលស្គាល់ពីលោក ដូណាល់ត្រាំ ក៏ដោយ។ លោក Suga បានបញ្ជាក់ថា លោកចង់ពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ គោលនយោបាយគាំពារនិយមរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ បានបង្កឱ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងប្រទេសជប៉ុនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅចំពោះមុខនៃការកើនឡើងឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ បើទោះបីជាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ អាចរក្សាទំនាក់ទំនងបានកក់ក្តៅ ជាមួយអាមេរិកក៏ដោយ។
ជុំវិញបញ្ហាខាងលើនេះដែរ លោក តាកេស៊ី នីអ៉ីណាមិ (Takeshi Niinami) នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈយក្ស សាន់តូរី (Suntory Holdings) ដែលជាក្រុមហ៊ុនផលិតសៀគ្វី ដ៏ល្បីល្បាញនៅលើទីផ្សារអន្តរជាតិ និងជាទីប្រឹក្សាឱ្យលោក Suga ផងនោះបានគូសបញ្ចាក់ថា លោក បៃដិន បានសន្យាថា លោកនឹងស្តារទំនាក់ទំនងអាមេរិក ជាមួយស្ថាប័នអន្តរជាតិ និងបណ្តាប្រទេសសម្ព័ន្ធមិត្តឡើងវិញ។ ប៉ុន្តែលោក Niinami រំពឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនឹងបន្តថយចុះ បើធៀបទៅនឹងប្រទេសចិន ដោយសារតែលោក បៃដិន កំពុងប្រឈមមុខនឹងការបែងចែកនយោបាយក្នុងស្រុក យ៉ាងជ្រាលជ្រៅបន្ទាប់ពីការបោះឆ្នោត ដូច្នេះហើយជប៉ុនត្រូវតែពង្រីកភាពជាដៃគូ ទៅកាន់ប្រទេសមហាអំណាចនានា ឱ្យបានច្រើនបន្ថែមទៀត។
គួរជម្រាបថា នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters លោក Niinami បានលើកឡើងយ៉ាងដូច្នេះថា ប្រទេសជប៉ុនត្រូវតែពង្រីកទំនាក់ទំនង ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ ជប៉ុនត្រូវតែពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ដែលបានចេញភ្លាមៗ បន្ទាប់ពីជ័យជម្នះរបស់លោក បៃដិន លោក Niinami បានបង្ហាញក្តីជឿជាក់ថា វាគឺជារឿងជៀសមិនផុតទេ ដែលភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងពិភពលោកនឹងបន្តធ្លាក់ចុះក្នុងរយៈពេលវែង ដោយប្រការនេះហើយទើបជប៉ុន ត្រូវតែបន្តពង្រឹងសម្ព័ន្ធមិត្តជាមួយអាមេរិក ប៉ុន្តែក្នុងពេលតែមួយត្រូវបង្កើនទំនាក់ទំនងជាមួយពិភពលោក ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យគ្មានមេដឹកនាំ ឬ Leaderless៕