(បាគូ)៖ កងទ័ពរក្សាសន្តិភាពរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយនៅតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) នាព្រឹកថ្ងៃអង្គារនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន និយាយថា នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការដោះស្រាយជម្លោះរវាងប្រទេសអាមេនី និងអាហ្សែបៃហ្សង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆកា ឆ្នាំ២០២០។
បទឈប់បាញ់ពេញលេញខាងលើ បានចាប់ផ្តើមសុពលភាពកាលពីពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) ក្នុងគោលបំណងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យប្រជាជនជាច្រើននាក់ ផ្សេងទៀតធ្វើបម្លាស់ទី ជាពិសេសវាសឹងតែអាចធ្វើឲ្យក្លាយ ទៅជាការផ្ទុះសង្រ្គាមក្នុងតំបន់ទ្រង់ទ្រាយធំទៅហើយ។
បើតាមច្បាប់អន្តរជាតិ តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ថា ជាផ្នែកមួយនៃទឹកដីរបស់អាហ្សែបៃហ្សង់ ប៉ុន្តែដោយសារតែនៅទីនោះ មានជនជាតិអាមេនីរស់នៅច្រើន ពួកគេបានប្រកាសចាត់ទុកតំបន់នេះ ជាតំបន់ស្វយ័ត និងបង្កើតជាសាធារណរដ្ឋរបស់ពួកគេ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាមេនី។ យ៉ាងណាមិញ ការគ្រប់គ្រងទាំងស្រុងដោយជនជាតិភាគតិចអាមេនី ត្រូវបានរុញច្រានដោយកងទ័ពអាហ្សែបៃហ្សង់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍ នៃការប្រយុទ្ធគ្នាយ៉ាងក្តៅកគុក។
នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ប្រទេសអាហ្សែបៃហ្សង់នឹងរក្សាទឹកដី ដែលខ្លួនកាន់កាប់បាន រួមបញ្ចូលទាំងទីក្រុង ស៊ូសួ (Shushua) ហើយកងទ័ពអាមេនីក៏ត្រូវប្រគល់តំបន់ ដែលខ្លួនគ្រប់គ្រងទៅឱ្យអាហ្សែបៃហ្សង់វិញ នៅចន្លោះពីពេលនេះរហូតដល់ថ្ងៃទី០១ ខែធ្នូ ខាងមុខ។ កងទ័ពថែរក្សាសន្តិភាពរបស់រុស្ស៊ី នឹងបន្តឈរជើងនៅតំបន់ជម្លោះយ៉ាងតិច ០៥ឆ្នាំ។ លោក ពូទីន បាននិយាយថា ពួកគេនឹងត្រូវដាក់ពង្រាយតាមទីតាំងជួរមុខនៃតំបន់ Nagorno-Karabakh ហើយនិងនៅច្រករបៀងមួយរវាងប្រទេសអាមេនី និងតំបន់នោះ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឱ្យដឹងថា ខ្លួនបានចាប់ផ្តើមដាក់ពង្រាយកងទ័ពចំនួន ១,៩៦០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាសមួយកន្លែង (មិនបញ្ចេញឈ្មោះ) សម្រាប់ការដឹកជញ្ជូនតាមយន្តហោះ ជាមួយនឹងឧបករណ៍ផ្សេងៗទៀតផងដែរ។
កិច្ចព្រមព្រៀងខាងលើ ត្រូវបានគេមើលឃើញជាសញ្ញាមួយបង្ហាញថា ប្រទេសរុស្ស៊ីនៅតែជាអ្នកសម្របសម្រួល ដ៏សំខាន់ជាងគេនៅក្នុងតំបន់ ដែលខ្លួនចាត់ទុកជាតំបន់ក្រោយផ្ទះរបស់ខ្លួន ទោះបីជាចំណាប់អារម្មណ៍របស់ប្រទេសតួកគី នៅក្នុងតំបន់នោះ បានកើនឡើងយ៉ាងខ្លាំងក៏ដោយ។ ប្រទេសតួកគីបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ប្រទេសអាហ្សែបៃហ្សង់ ខណៈរុស្ស៊ីមានកតិកាសញ្ញាការពារជាតិ ជាមួយអាមេនី និងមូលដ្ឋានទ័ពមួយកន្លែងនៅទីនោះ។
គួរជម្រាបថា លោក ពូទីន ក៏បានប្រកាសថា ប្រជាជនដែលបានផ្លាស់ទីលំដោយសារសង្គ្រាម អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ ហើយអ្នកទោសសង្គ្រាម និងអ្នកស្លាប់ដោយសារសង្គ្រាម នឹងត្រូវបានផ្លាស់ប្តូរគ្នា ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ច និងការដឹកជញ្ជូនទាំងអស់នៅក្នុងតំបន់ នឹងត្រូវបើកដំណើរការឡើងវិញ ដោយមានជំនួយពីឆ្មាំការពារព្រំដែនរុស្ស៊ី។
លោក ពូទីន បន្ថែមទៀតថា «យើងកំពុងធ្វើប្រតិបត្តិការ ដោយសម្អាងលើហេតុផលថា កិច្ចព្រមព្រៀងនឹងអាចបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការដោះស្រាយវិបត្តិរយៈពេលវែង និងមានលក្ខណៈពេញលេញ នៅជុំវិញតំបន់ Nagorno-Karabakh ដោយផ្អែកលើមូលដ្ឋានយុត្តិធម៌ និងផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាង»៕