(ប៊ែកឡាំង)៖ ក្រុមហ៊ុនផលិតឱសថដ៏ធំនៅសហរដ្ឋអាមេរិក Pfizer និងក្រុមហ៊ុន BioNTech SE របស់អាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផ្អែកលើលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 បានបង្ហាញថា វ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្សកុំឲ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង ៩០%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
BBC បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ Pfizer ត្រូវបានធ្វើតេស្តលើមនុស្សចំនួន ៤៣,៥០០ នាក់ នៅក្នុងប្រទេសចំនួន ០៦ ផ្សេងៗគ្នា ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វាឡើយ។ ហើយ ក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះ នៅចុងខែនេះតែម្តង។
ការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវការចំនួន ០២ដូស ខណៈរយៈពេលពីដូសទី១ ទៅទី២ មានចំនួន ៣សប្តាហ៍។ ការតេស្តសាកល្បងនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រស៊ីល អាហ្សង់ទីន អាហ្រិកខាងត្បូង និងប្រទេសតួកគី បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០% ក្នុងការការពារមនុស្សកុំឲ្យឆ្លងជំងឺ COVID-19 បន្ទាប់ពីដូសទី២ រយៈពេល ៧ថ្ងៃ។
ក្រុមហ៊ុន Pfizer ជឿជាក់ថា ខ្លួននឹងអាចផ្គត់ផ្គង់ដល់ ៥០លានដូស នៅដំណាច់ឆ្នាំនេះ និងប្រហែល ១.៣ប៊ីលានដូសនៅចុងឆ្នាំ ២០២១ ។ ទោះយ៉ាងណា មានបញ្ហាប្រឈមមួយចំនួន ខាងផ្នែកដឹកជញ្ជូន ត្បិតថាវ៉ាក់សាំង COVID-19 នេះ ត្រូវតែរក្សាទុកក្នុងកន្លែងត្រជាក់ខ្លាំង រហូតទៅដល់ក្រោម -៨០អង្សាសេឯណោះ។
លោកវេជ្ជបណ្ឌិត Albert Bourla ប្រធានក្រុមហ៊ុន Pfizer បានមានប្រសាសន៍ថា «យើងបានបោះជំហានមួយដ៏សំខាន់ ដើម្បីផ្តល់ជូនប្រជាជននៅជុំវិញពិភពលោក នូវរបកគំហើញដែលជាតម្រូងការចាំបាច់បំផុត ដើម្បីជួយបញ្ចប់វិបត្តិសុខភាពសកលលោក។ វាជាថ្ងៃដ៏អស្ចារ្យ សម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ»៕