(យ៉ាងហ្គន)៖ គណបក្សកាន់អំណាចមីយ៉ាន់ម៉ា របស់លោកស្រី អោងសាន ស៊ូជី នៅថ្ងៃចន្ទនេះបានប្រកាសថាខ្លួនទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើត រដ្ឋាភិបាលថ្មី ទោះលទ្ធផលផ្លូវការមិនទាន់ប្រកាសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) លោក Myo Nyunt បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាគណបក្សរបស់លោកទទួលបាន៣២២ អាសនៈនៅក្នុងសភា ដែលនេះជាសំឡេងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ទោះជាលទ្ធផលបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការ ដោយគណៈកម្មាការរៀបចំការ បោះឆ្នោត ក៏ដោយ។ អ្នកនាំពាក្យរូបនេះក៏បានអរគុណដល់ប្រជាជនមីយ៉ាន់ម៉ា ដែលបានគាំទ្រ និងនៅតែផ្ដល់ទំនុកចិត្តដល់គណបក្ស NLD ផងដែរ។
គួរជម្រាបថា គណៈកម្មាការៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថានឹងប្រកាសលទ្ធផលផ្លូវការ នៅល្ងាចថ្ងៃចន្ទនេះ។ ការបោះឆោតសកលក្នុងប្រទេស មីយ៉ាន់ម៉ា បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ហើយគណបក្សរបស់លោកស្រី ស៊ូជី ក៏ធ្លាប់ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីដែរកាលពីឆ្នាំ២០១៥ ដោយទទួលបាន ៣៩០អាសនៈ។