(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peksov នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រធានាធិបរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងបន្តរង់ចាំលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០ មុនពេលផ្ញើសារអបរអ្នកដែលទទួលជ័យជម្នះពិតប្រាកដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNBC នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Peksov បានបន្តថា «ទោះក្នុងករណីណាក៏ដោយ យើងសង្ឃឹមថានឹងអាចបង្កើតកិច្ចសន្ទនា ជាមួយប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក ហើយឯកភាពគ្នាលើការស្វែងរកមធ្យោបាយ ដើម្បីស្តាទំនាក់ទំនងទ្វេភាគីរបស់យើងឲ្យប្រសើរឡើង»។ មិនមែនតែរុស្ស៉ីទេ ចិនក៏ត្រូវគេឃើញថា មិនទាន់បានអបអរសាទរជ័យជម្នះ លោក បៃដិន ដែរ។
គួរជម្រាបថា កាលពីចុងសប្តាហ៍មុននេះ បណ្តាញព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក បានប្រកាសថា លោក បៃដិន គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ហើយមេដឹកនាំព្រមទាំងអ្នកនយោបាយជាច្រើននៅជុំវិញពិភពលោក ក៏បានផ្ញើសារអបអរសាទររូបលោករួចស្រេចទៅហើយផងដែរ។ ដោយឡែក លោក ត្រាំ មិនព្រមប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ទេ ហើយបានប្តេជ្ញាថានឹងតតាំងបញ្ហាលទ្ធផលឆ្នោតនៅតុលាការ៕