(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា ប្រទេសអូស្រ្តាលីនឹងស្វាគមន៍សហរដ្ឋអាមេរិក ដែលចង់វិលត្រឡប់ចូល ក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ ក្រោមការគ្រោងទុករបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden)។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ដែលបានអបអរសាទរលោក បៃដិន ចំពោះជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អូស្រ្តាលី នឹងស្វាគមន៍សហរដ្ឋអាមេរិក ដែលចង់វិលត្រឡប់មករកកិច្ចព្រមព្រៀងទីក្រុងប៉ារីសវិញ...អូស្រ្តាលី ក៏បាន បំពេញតាមកិច្ចព្រមព្រៀងទីក្រុងក្យូតូ (Kyoto) ហើយដែរ និងបន្តធ្វើដូចគ្នានេះតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស»។
លោក Morrison បានបន្ថែមទៀតថា អូស្ត្រាលី នឹងកំណត់គោលនយោបាយរបស់ខ្លួនជានិច្ច ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់អូស្រ្តាលី និងវិភាគទានដែល យើងកំពុងធ្វើនៅក្នុងវិស័យទាំងនេះ។
កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបានចូលជាធរមាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានគោលបំណងរក្សាការកើនឡើងនៃសីតុណ្ហភាពពិភពលោក ជាមធ្យមនៅក្រោម ២ អង្សាសេ ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
គួរជម្រាបថា កាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាផ្លូវការហើយ។ ប៉ុន្តែ លោក បៃដិន ដែលបាន ប្រកាសជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ បានសន្យាថា លោកនឹងនាំអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ហើយនឹងដឹកនាំប្រទេសឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០៕