(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់របស់លោក ចូ បៃដិន បានថ្លែងប្រាប់សារព័ត៌មាន NBC ថា លោក ចូ បៃដិន គ្រោងនឹងណែនាំឱ្យអភិបាលរដ្ឋនានា ដាក់ចេញនូវវិធានពាក់ម៉ាសជាចាំបាច់ ក្នុងគោលបំណងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីលោកឡើងកាន់តែតំណែងជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២0២០។
ទីប្រឹក្សាយុទ្ធនាការរូបនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា ប្រសិនបើអភិបាលរដ្ឋណាម្នាក់ច្រានចោលសំណើខាងលើ លោក បៃដិន នឹងទៅនិយាយជាមួយពួកគេដោយផ្ទាល់តែម្តង។ រហូតមកទល់ពេលនេះ រដ្ឋច្រើនជាង ៣០ ក្នុងចំណោមរដ្ឋទាំងអស់ ៥០ នៅអាមេរិក មានវិធានការពាក់ម៉ាសនៅតាមទីសាធារណៈ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងបានផ្តល់អនុសាសន៍ ឱ្យមានការពាក់ម៉ាសនៅតាមទីសាធារណៈ ជាពិសេសនៅពេលដែលការរក្សាគម្លាតសុវត្ថិភាព មិនអាចអនុវត្តទៅបាន។
អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតលោក បៃដិន ធ្លាប់បានសន្យាថា លោកនឹងដោះស្រាយបញ្ហាជំងឺរាតត្បាត COVID-19 ដោយផ្អែកលើវិធីវិទ្យាសាស្ត្រ ហើយបច្ចុប្បន្ននេះក្រុមការងារថ្មីមួយត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហា COVID-19 បន្ទាប់ពីពិធីចូលកាន់តំណែងជាផ្លូវការរបស់លោក។
គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងច្រើនជាង ១០លានករណីក្នុងនោះមនុស្សយ៉ាងហោចណាស់ ២៤៣,៧០០ នាក់បានស្លាប់ និងជាង៦,៤៨០,០០០នាក់ជាសះស្បើយឡើងវិញ។ ការកើនឡើងនៃចំនួនករណីឆ្លងនាពេលថ្មីៗនេះ មានចំនួនច្រើនជាង ១០០,០០០ករណី ប្រចាំថ្ងៃរាប់ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដែលបានបង្កជាក្តីបារម្ភជាខ្លាំង៕