(រ៉ង់ហ្គូរ)៖ អ្នកបោះឆ្នោតជាច្រើននាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យម្សិលមិញនៅទីក្រុងរ៉ង់ហ្គូន នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតសកល ហើយគណបក្សរបស់លោកស្រី អោងសាន ស៊ូជី ត្រូវបានគេរំពឹងថា នឹងអាចឈ្នះឆ្នោត ហើយកាន់អំណាចបន្តមួយអាណត្តិទៀត ខណៈការរាប់សន្លឹកកំពុងប្រព្រឹត្តទៅនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី បានឈ្នះការបោះឆ្នោតកាលពីចុងក្រោយឆ្នាំ២០១៥ ក្នុងសំឡេងភ្លូកទឹកភ្លូកដី និងបានបញ្ចប់ការគ្រប់គ្រងរបស់យោធាជាង ៥ទសវត្សរ៍នៅប្រទេសអាស៊ានមួយនេះ។ ប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងការគំរាមកំហែង ពីការឆ្លងវីរុសកូរ៉ូណា ប្រការនេះហើយទើបអ្នកចូលរួមទាំងអស់ តម្រូវឲ្យពាក់ម៉ាសនៅតាមការិយាល័យបោះឆ្នោតទាំងអស់។ បន្ថែមពីលើនេះ ការស្ទង់សីតុណ្ហភាព, ជែលលាងសំអាតដៃ ក៏ដូចជាការរក្សាគម្លាតសុវត្ថិភាព សុទ្ធតែស្ថិតក្រោយការអង្កេតយ៉ាងតឹងរ៉ឹងផងដែរ។
លោក ស វីនទុន (Zaw Win Tun) មន្ត្រីអង្កេតការណ៍នៅមណ្ឌលបោះឆ្នោតមួយក្នុងទីក្រុងរ៉ង់ហ្គូរ បានលើកឡើងថា ចំនួនអ្នកទៅបោះឆ្នោតគឺមានច្រើនជាងអ្វី ដែលយើងបានរំពឹងទុកទៅទៀត។ លោក Zaw បានបន្ថែមទៀតថា ពលរដ្ឋរំភើបសម្រាប់ការបោះឆ្នោតលើកនេះ ព្រោះពួកគេចង់រត់គេចពីការតស៊ូនយោបាយ និងចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ យ៉ាងណាមិញ លោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ប៉ុន្តែហាក់ដូចជាចង់សំដៅទៅលើការតស៊ូអំណាច រវាងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីស៊ូជី និងយោធា។
គួររំលឹកថា ក្រោយទទួលបានជ័យជន្នះជាប្រវត្តិសាស្រ្ត នៅក្នុងការបោះឆ្នោតលើកមុខ សមត្ថភាពរដ្ឋបាលរបស់លោកស្រី ស៊ូជី ក្នុងការដឹកនាំប្រទេសត្រូវបានរារាំង ដោយសារតែរដ្ឋធម្មនុញ្ញដែលបានព្រាងដោយកងទ័ពកាលពីឆ្នាំ២០០៨ បានផ្តល់ឱ្យយោធានូវអសនៈចំនួន ២៥ភាគរយនៅក្នុងសភារួចជាស្រេច ដើម្បីរារាំងចេតនាក្នុងការកែរដ្ឋធម្មនុញ្ញ។
គណបក្សច្រើនជាង ៩០ ឯណោះបានចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមយកអសនៈនៅសភាជាន់ទាប (រដ្ឋសភា) និងជាន់ខ្ពស់ (ព្រឹទ្ធសភា) ខណៈការបោះឆ្នោតនៅថ្នាក់រដ្ឋ ក៏បានប្រព្រឹត្តទៅផងដែរផង។ ពលរដ្ឋច្រើនជាង ៣៧លាននាក់មានសិទ្ធិបោះឆ្នោត ក្នុងនោះ ០៥លាននាក់ជាអ្នកបោះឆ្នោតលើកដំបូង ឬទើបគ្រប់អាយុបោះឆ្នោត។ ស្របពេលដែលក្រុមបក្សប្រឆាំងមានច្រើន និងចំរុះ លោកស្រី អោងសាន ស៊ូជី នៅតែជាអ្នកនយោបាយ ដ៏មានប្រជាប្រិយភាពបំផុតនៅមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោកស្រី មិនអាចសម្រេចបានដូចការរំពឹងទុកនោះឡើយ ជាមួយនឹងកំណើនសេដ្ឋកិច្ចតិចតួច ដើម្បីកាត់បន្ថយភាពក្រីក្រដែលកំពុងតែរីករាលដាល ជាពិសេសការបរាជ័យនៅក្នុងការបន្ធូរបន្ថយភាពតានតឹង រវាងក្រុមជនជាតិភាគតិចនៅក្នុងប្រទេស។
យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមប្រកាសលទ្ធផលជាបណ្តើរៗនៅថ្ងៃចន្ទនេះ ខណៈការិយាល័យបោះឆ្នោតបានចាប់ផ្តើមរាប់សន្លឹកឆ្នោតភ្លាមៗ នៅពេលការបោះឆ្នោតត្រូវបិទបញ្ចប់ ប៉ុន្តែវាអាចចំណាយពេលមួយសប្តាហ៍ ដើម្បីប្រមូលសន្លឹកឆ្នោតទាំងអស់ ដែលខ្លះមកពីតំបន់ដាច់ស្រយាល និងព្រៃភ្នំ៕