(តេហេរ៉ង់)៖ អនុប្រធានាធិបតីអ៉ីរ៉ង់ លោក Eshagh Jahangiri បានបង្ហាញក្ដីសង្ឃឹមថាគោលនយោបាយបង្កវិនាសកម្មរបស់សហរដ្ឋអាមេរិក នឹងមានការផ្លាស់ប្ដូរ បន្ទាប់ពីលោក ចូ បៃដិន ទទួលបានជ័យជម្នះលើលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter លោក Jahangiri បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសង្ឃឹមថាយើងនឹងបានឃើញការផ្លាស់ប្ដូរ នៅក្នុងគោលនយោបាយបង្ក វិនាសកម្មរបស់សហរដ្ឋអាមេរិក ដោយត្រឡប់ទៅរកច្បាប់ និងកាតព្វកិច្ចអន្តរជាតិវិញ ព្រមទាំងការគោរពដល់ប្រជាជាតិដទៃ»។
គួរជម្រាបថា ទំនាក់ទំនងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានស្គាល់ភាពតានតឹង បន្ទាប់លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ឺរ៉ង់ រវាងអ៉ីរ៉ង់ និងប្រទេសមហាអំណាច។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងកាលពីឆ្នាំ២០១៥ ក្រោមរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលកាលណោះលោក ចូ បៃដិន ជាអនុប្រធានាធិបតី។ ប៉ុន្តែ លោក បៃដិន មិនបានបញ្ជាក់ថាតើលោកនឹងនាំសហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះវិញ ឬក៏យ៉ាងណានោះទេ៕