(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានសន្យាថានឹងដឹកនាំប្រទេសនៅលើ «ផ្លូវឯកភាពជាតិ» ជាជាងការបែកបាក់គ្នា ដោយអំពាវនាវ ឱ្យអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ទុកឱកាសឱ្យរូបលោក ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទករថាជ័យជម្នះ ថ្លែងទៅកាន់ប្រជាជាតិអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅឯទីក្រុង Wilmington រដ្ឋ Delaware។ លោក បៃដិន បានលើកឡើងដូច្នេះថា៖ «សម្រាប់អ្នកដែលបានបោះឆ្នោតឱ្យលោកប្រធានាធិបតី ត្រាំ, ខ្ញុំពិតជាយល់ថាអ្នកទាំងអស់គ្នា មានអារម្មណ៍សោកស្ដាយនៅយប់នេះ។ ខ្ញុំក៏ធ្លាប់បរាជ័យដែរ។ ប៉ុន្តែពេលនេះ សូមផ្ដល់ឱ្យអ្នកគ្រប់គ្នានូវឱកាសមួយ»។ លោកបន្ថែមថានេះគឺជាពេលផ្សះផ្សាជាតិ ជាជាងបន្តបែកបាក់គ្នា ដោយបំបាត់ចោលនូវវោហាស័ព្ទគ្រោតគ្រាត, សម្លឹងមើលគ្នាទៅវិញទៅមក និងស្ដាប់គ្នាទៅវិញទៅមកសាជាថ្មី។
គួរជម្រាបថា លោក ចូ បៃដិន បានយកឈ្នះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដោយទទួលបានអង្គបោះឆ្នោត ២៩០ ទល់នឹង២១៤។ ប៉ុន្តែលោក ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោកមិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ទេ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសន្យាដែរថាលោកតវ៉ា លទ្ធផលបោះឆ្នោតនេះតាមផ្លូវតុលាការ ស្របពេលមនុស្សអ្នកជំនិតរបស់លោក ត្រាំ អះអាងថាលោកប្រធានាធិបតីរូបនេះ ប្រហែលជានឹងមិនទទួលស្គាល់បរាជ័យក្នុង ពេលឆាប់ៗនេះនោះទេ៕