(យ៉ាងហ្គន)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីជ្រើសរើសសមាជិកសភាចំនួន៥០០រូប នៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
ការិយាល័យបោះឆ្នោតសរុប ៤២,០៤៧កន្លែងនៅទូទាំងប្រទេសបានបើកទ្វារ នៅម៉ោង៦ព្រឹកមិញនេះ (ម៉ោងក្នុងតំបន់) សម្រាប់ប្រជាជនមានសិទ្ធិបោះឆ្នោត ៣៧លាននាក់ បោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនគាំទ្រ។ អ្នកឃ្លាំមើលជាច្រើនកំពុងតាមដាន ថាតើគណបក្សកាន់អំណាចសព្វថ្ងៃគឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោង សានស៊ូជី អាចរក្សាសំឡេងភាគច្រើននៅក្នុងសភាទាំង២របស់មីយ៉ាន់ម៉ា បានដែរឬយ៉ាងណា។
គណបក្ស NLD របស់លោកស្រី ស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ ដោយបិទបញ្ចប់ការដឹកនាំដោយរបបយោធា។ មីយ៉ាន់ម៉ា សព្វថ្ងៃកំពុង ជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែការឆ្លងរាតត្បាត COVID-19 តែទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលជាច្រើនរំពឹងថាគណបក្សរបស់លោកស្រី អាចនឹងទទួលបានការគាំទ្រច្រើនពី ប្រជាជនមីយ៉ាន់ម៉ា។ ការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងភ្លាមៗក្រោយការិយាល័យបោះឆ្នោតនៅល្ងាចថ្ងៃអាទិត្យនេះ៕