(វ៉ាស៊ីនតោន)៖ នៅទីបំផុត! លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ បានសម្រេចហើយ ដោយទទួល បានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាង២៩០ទល់នឹង២១៤ ហើយនេះមិនទាន់រាប់បញ្ចូលរដ្ឋ Georgia (មានអង្គបោះឆ្នោត១៦) ដែលមានលោក បៃដិន កំពុងនាំ មុខទេ។ បើលោក បៃដិន ឈ្នះ ក្នុងរដ្ឋនេះទៀត នោះលោកនឹងទទួលបានអង្គបោះឆ្នោត៣០៦ ឯណោះ។
ក៏ប៉ុន្តែ បើតាមប្រព័ន្ធបោះឆ្នោតអាមេរិក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពិតប្រាកដ នឹងត្រូវនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅតាមរដ្ឋធានី នៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ។ ជាទូទៅអ្នកបោះឆ្នោតតំណាងទាំងនេះ ត្រូវបោះឆ្នោតឱ្យបេក្ខជន តំណាងគណបក្សរបស់ខ្លួន តែអ្នកបោះឆ្នោតតំណាងខ្លះ ដែលបោះឆ្នោតឱ្យបេក្ខជនបក្សដទៃវិញនោះ ក៏ធ្លាប់កើតមានផងដែរក្នុងប្រវត្តិសាស្ត្រអាមេរិក។
តើលោក បៃដិន អនាគតប្រធានាធិបតីអាមេរិកទី៤៦ ជានរណា? ខាងក្រោមនេះគឺជាការរៀបរាប់ពីប្រវត្តិត្រួសៗរបស់លោក៖
* ប្រវត្តិរូប
លោក ចូ បៃដិន ឬមានឈ្មោះពេញថា Joseph Robinette Biden Jnr កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២។ លោកធំដឹងក្ដីក្នុងទីក្រុង Scranton រដ្ឋ Pennsylvania និងមានគ្រួសារជាអ្នកកាន់សាសនាគ្រឹស្ដនិកាយកាតូលិក។ ឪពុករបស់លោកគឺជាអ្នកលក់ឡានម្នាក់។ ប៉ុន្តែនៅពេល ទីក្រុង Scranton ត្រូវហែលឆ្លងពេលវេលាដ៏លំបាក មួយក្នុងទសវត្សរឆ្នាំ១៩៥០ គាត់បានបាត់ការងារ ហើយបានរើផ្ទះទៅរស់នៅក្នុងរដ្ឋក្បែរខាងគឺរដ្ឋ Delaware នៅពេលលោក បៃដិន មានអាយុ១០ឆ្នាំ។ លោក បៃដិន បាន បញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ University of Delaware និងសាកលវិទ្យាល័យច្បាប់ Syracuse University។
* គ្រួសារ
ក្នុងឆ្នាំ១៩៧២ លោក បៃដិន បានជួបភាពសោកសៅបំផុតក្នុងជីវិត គឺភរិយាដំបូងរបស់លោក ឈ្មោះ Nellia និងកូនស្រីអាយុមួយឆ្នាំម្នាក់ឈ្មោះ Naomi បានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ខណៈពួកគេធ្វើដំណើរទៅកាន់ផ្សារទំនើបក្នុងពិធីបុណ្យណូអែល។ លោក បៃដិន បានក្លាយជាបុរសពោះម៉ាយ ដែលត្រូវចិញ្ចឹមកូនប្រុសពីរនាក់ ដែលរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
កូនប្រុសទាំង២របស់លោកបៃដិន បានជាសះស្បើយពីរបួស ហើយកូនប្រុសរបស់លោកម្នាក់ឈ្មោះ Beau បានដើរតាមរូបលោក ដោយប្រឡូកចូលឆាកនយោបាយ និងបានក្លាយជាអគ្គរដ្ឋអាជ្ញាម្នាក់នៃរដ្ឋ Delaware។ ក៏ប៉ុន្តែ អ្នកនយោបាយប្រជាធិបតេយ្យដែលទើបតែរះថ្មីរូបនេះបានស្លាប់ដោយសារជំងឺមហារីកខួរក្បាល នៅឆ្នាំ២០១៥ ក្នុងអាយុ៤៦ឆ្នាំ។
លោក បៃដិន បានជួបប្រពន្ធទី២របស់សព្វថៃ្ង គឺលោកស្រី Jill Jacobs ដែលជាគ្រូបង្រៀនម្នាក់ នៅឆ្នាំ១៩៧៥ ហើយអ្នកទាំង២បានរៀបការនៅពីរឆ្នាំបន្ទាប់។ លោកស្រី Jill កំពុងស្ថិតក្នុងនិតិវិធីលែងលះជាមួយប្ដីដំបូង នៅពេលលោកស្រី ស្គាល់លោក បៃដិន។ អ្នកទាំង២ បានរៀបការនឹងគ្នាក្នុងឆ្នាំ១៩៧៧ ហើយលោកស្រីបានក្លាយជា ម្ដាយរបស់ Hunter និង Beau។ លោក បៃដិន និងលោកស្រី Jill ក៏មានកូនស្រីម្នាក់ផងដែរឈ្មោះ Ashley កើតនៅឆ្នាំ១៩៨១។
* ទ្រព្យសម្បត្តិ
លោក បៃដិន ត្រូវបានគេស្គាល់ថាជាអ្នកមានជីវភាពមធ្យម ប៉ុន្តែតាមពិតបច្ចុប្បន្នលោកក៏ជាសេដ្ឋីម្នាក់ដែរ។ មួយរយៈពេលដែលលោកឈប់ធ្វើជាអនុប្រធានាធិបតី ប្រាក់ ចំណូលរបស់លោកបានកើនឡើងជាលំដាប់ ហើយបើតាមឯកសារហិរញ្ញវត្ថុឆ្នាំ២០១៩ លោក បៃដិន និងលោកស្រី Jill Biden មានទ្រព្យច្រើនជាង១៥លានដុល្លារ។ ក្នុងឆ្នាំដដែលនេះ ទស្សនាវដ្ដី Forbes ក៏បានរាយការណ៍ដែរថាទ្រព្យរបស់លោក បៃដិន ក្នុងនោះរួមទាំងផ្ទះ២ខ្នងក្នុងរដ្ឋ Delaware មានតម្លៃប្រហែល៤លានដុល្លារ បូកបន្ថែមទាំងប្រាក់ វិនិយោគ៤លានដុល្លារ និងប្រាក់សាធនិវត្តច្រើនជាង១លានដុល្លារ។
* សុខភាព
បច្ចុប្បន្ន លោក ចូ បៃដិន មានអាយុ៧៧ឆ្នាំ ហើយលោកនឹងឈានចូលវ័យ៧៨ឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ។ លោក បៃដិន បានក្លាយជាប្រធានាធិបតីមានវ័យ ចំណាស់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ បើតាមរបាយការណ៍វាយតម្លៃរបស់លោកវេជ្ជបណ្ឌិត Kevin O’Connor កាលពីចុងឆ្នាំ២០១៩ លោក បៃដិន ទោះបីជាមានអាយុ៧៧ឆ្នាំ តែលោកមានសុខភាពល្អអាចកាន់តំណែង និងបំពេញតួនាទីជាប្រធានាធិបតីបាន។ របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថាលោកបៃដិន មាន កម្ពស់១៨១សង់ទីម៉ែត្រ ទម្ងន់៨០គីឡូក្រាម និងមានសន្ទសន៍ម៉ាសរាងកាយ Body Mass Index (BMI) ២៤.៣៨។ លោក បៃដិន មានសម្ពាធឈាម ១២៨/៦៤ ហើយដូចលោកត្រាំដែរ លោក បៃដិន មិនជក់បារី ឬផឹកស្រានោះទេ។
* នយោបាយ
លោក បៃដិន បានឈានជើងចូលឆាកនយោបាយ នៅអាយុត្រឹម២៩ឆ្នាំតែប៉ុណ្ណោះ ជាមួយការបង្កភាពភ្ញាក់ផ្អើលដោយជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៃរដ្ឋ Delaware ក្នុងឆ្នាំ១៩៧២។ លោកគឺជាសមាជិកព្រឹទ្ធសភាក្មេងជាងគេបំផុតនៅសហរដ្ឋអាមេរិកនៅពេលនោះ។ លោកធ្វើជាសមាជិកព្រឹទ្ធសភាអស់រយៈពេលច្រើនជាង៣០ឆ្នាំ ហើយតមកទៀត លោកបានចំណាយពេល៨ឆ្នាំ ឬពីរអាណត្តិ ដោយកាន់តំណែងជាអនុប្រធានាធិបតី ក្រោមរដ្ឋបាលដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។
ផ្ទុយពីលោក ត្រាំ លោក បៃដិន ធ្លាប់បានប្រកាសថាលោកនឹងស្ដារ មុខមាត់របស់សហរដ្ឋអាមេរិក ដោយឈរលើគុណតម្លៃប្រជាធិបតេយ្យ និងភាពជាអំណាចរបស់ អាមេរិក នៅលើឆាកអន្តរជាតិ៕