(អាមេរិក)៖ ក្រុមហ៊ុនស្រាវជ្រាវក្រោមផ្ទៃសមុទ្រមួយរបស់អាមេរិកហៅថា OceanGate Expeditions កំពុងរៀបចំការធ្វើដំណើរមុជទឹកមួយចំនួន ឆ្ពោះទៅកាន់ទីតាំងខ្មោចនាវាដឹកអ្នកដំណើររបស់ចក្រភពអង់គ្លេស ទីតានិក (RMS Titanic) នៅខែឧសភា ឆ្នាំ២០២១ ជាមួយថ្លៃសំបុត្រ ១២៥,០០០ដុល្លារសម្រាប់ភ្ញៀវម្នាក់ៗ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ស្តុកថុន រ៉ាស (Stockton Rush) ប្រធានក្រុមហ៊ុនខាងលើបានប្រាប់ថា OceanGate Expeditions កំពុងត្រៀមរៀបចំការធ្វើដំណើរមុជទឹកសរុបចំនួន ០៦លើក ទៅកាន់ទីតាំងដែលនាវា Titanic បានលិចកាលពីជាង ១០០ឆ្នាំមុនជាមួយគោលដៅធំៗពីរ។ គោលដៅទីមួយ គឺធ្វើការសិក្សាស្រាវជ្រាវ អំពីជីវិតសត្វ-រុក្ខជាតិសមុទ្រនៅជុំវិញខ្មោចនាវានោះ និងបង្កើតគំរូ 3D របស់វា។ ចំណែកគោលដៅទីពីរ គឺរកប្រាក់ចំណូលតាមរយៈការជួលអ្នកជំនាញ ឲ្យពន្យល់បកស្រាយលម្អិតនូវអ្វី ដែលក្រុមភ្ញៀវទេសចរបានឃើញ នៅពេលពួកគេទៅដល់ទីនោះ។
លោក Rush បានឲ្យដឹងថា ពាក់កណ្តាលនៃអ្នកដែលបានទិញសំបុត្រសម្រាប់ការធ្វើដំណើរដ៏ថ្លៃនេះ ក៏ជាអ្នកដែលបានកក់សំបុត្រក្នុងការធ្វើដំណើរទៅក្រៅបរិយាកាសផែនដីរបស់ក្រុមហ៊ុន វ៉ឺជីន ហ្គាឡាទិច (Virgin Galactic) ដែលមានតម្លៃ ២៥០,០០០ដុល្លារក្នុងម្នាក់ផងដែរ។ ក្នុងចំណោមនោះក៏មាន អ្នកធ្លាប់ឡើងភ្នំ អេវើរែស (Everest) និងអ្នកធ្វើដំណើរទៅកាន់ទ្វីបអង់តាកទិចថែមទៀតផង។
គួរជម្រាបថា នាវាអ្នកដំណើរ Titanic បានលិចនៅមហាសមុទ្រអាត្លង់តិចភាគខាងជើង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ក្រោយបុកដុំទឹកកកធំមួយ ខណៈវាទើបតែជាការធ្វើដំណើរលើកដំបូងប៉ុណ្ណោះរបស់ Titanic ដែលមានគោលដៅពីប្រទេសអង់គ្លេស សំដៅទៅទីក្រុងញូយ៉កនៅសហរដ្ឋអាមេរិក។ សោកនាដកម្មលិចនាវា Titanic បានធ្វើឲ្យមនុស្សជាង ១,៥០០នាក់ស្លាប់ ក្នុងចំណោមអ្នកដំណើរសរុប ២,២២៣នាក់។ នៅទីតាំងសមុទ្រអាត្លង់ទិច ដែលនាវា Titanic បានលិចនោះគឺមានជម្រៅទឹកខ្ទង់ ៣.៨គីឡូម៉ែត្រ៕