(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានប្រកាសឲ្យដឹងថា ទោះបីជាមិនទាន់មានការប្រកាសផ្លូវការពីជ័យជម្នះក៏ដោយ ក៏លោកនឹងឈ្នះការបោះឆ្នោត ហើយនឹងក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថានាយប់ថ្ងៃសុក្រ នៅស្រុកកំណើតក្នុងទីក្រុង វីលមីនតុន (Wilmington) រដ្ឋដេឡាវែ (Delaware) លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនទាន់មានការប្រកាសផ្លូវការនៅឡើយទេ ប៉ុន្តែតួលេខបានបង្ហាងយ៉ាងច្បាស់លាស់ហើយ យើងនឹងឈ្នះការប្រកួតប្រជែងប្រធានាធិបតីលើកនេះ»។
គួរបញ្ជាក់តាមលោក បៃដិន បានគូសបញ្ជាក់ថា អាណត្តិរបស់លោកនឹងផ្តោតលើបញ្ហាសំខាន់ៗ រួមមានបញ្ហាជំងឺរាតត្បាត COVID-19, សេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, និងការរើសអើងពូជសាសន៍ជាប្រព័ន្ធ ហើយលោករួមជាមួយដៃគូ គឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បេក្ខជនអនុប្រធានាធិបតី បានជួបជាមួយក្រុមអ្នកជំនាញ ដើម្បីពិភាក្សាលើបញ្ហាទាំងអស់នេះ ដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ៕