(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក លី អ៉ីនយ៉ាង (Lee In-young) នៅថ្ងៃសុក្រនេះបានជំរុញឱ្យកូរ៉េខាងជើង កុំបង្ករឿង ឬធ្វើសកម្មភាពណាមួយដែលនាំឱ្យមានភាពតានតឹង ដើម្បីគ្រាន់តែតេស្ដអំពីប្រតិកម្ម នៃរដ្ឋបាលអាមេរិកក្នុងអាណត្តិថ្មីខាងមុខនេះ ព្រោះវាជាជម្រើសដ៏ខុសឆ្គង ប៉ះពាល់ដល់សន្តិភាពលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Lee In-young ធ្វើការកត់សម្គាល់បែបនេះ កំឡុងធ្វើសុន្ទរកថានៅឯវេទិកាសន្តិសុខភាពមួយក្នុងទីក្រុងសេអ៊ូល ដោយជំរុញឱ្យកូរ៉េខាងជើងអនុវត្តតាម កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទោះជាបីជាលោក ដូណាល់ ត្រាំ ត្រូវជាប់ឆ្នោតមួយអាណត្តិទៀត ឬក៏លោក ចូ បៃដិន ឈ្នះឆ្នោតកា្លយជាប្រធានាធិបតីអាមេរិកថ្មីក៏ដោយ។ លោក Lee បានបន្ថែមទៀតថា គោលនយោបាយរបស់ទីក្រុងសេអ៊ូលចំពោះកូរ៉េខាងជើង ក៏នឹងមិនមានការផ្លាស់ប្ដូរដែរមិនថា លោក ដូណាល់ ត្រាំ ឬលោក បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីនោះទេ។
គួរជម្រាបថា ផ្ទុយពីលោក ដូណាល់ ត្រាំ ចំពោះលោក ចូ បៃដិន វិញធ្លាប់បានអះអាងថា លោកនឹងមិនជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមិនមានលក្ខខណ្ឌទុកជាមុនឡើយ ខណៈបេក្ខជនប្រធានាធិបតី នៃបក្សប្រជាធិបតេយ្យមួយនេះត្រូវបានគេរំពឹងថា ប្រហែលជាមាននយោបាយតឹងរ៉ឹង ចំពោះទីក្រុងព្យុងយ៉ាងជាងលោក ត្រាំ ឬក៏អាចដូចកាលពីជំនាន់លោក បារ៉ាក់ អូបាម៉ា ធ្វើជាប្រធានាធិបតី៕