(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) ត្រូវបានគេរាយការណ៍ថា លោកសរសេរសំបុត្រលាលែងចេញពីតំណែងរួចរាល់ហើយ ខណៈមានការអះអាងជាច្រើនថា លោក ដូណាល់ ត្រាំ អាចនឹងបណ្ដេញរូបលោកចេញពីតំណែង ទោះបីជាឈ្នះ ឬចាញ់ក្នុងការបោះឆ្នោតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីក្រសួងការពារជាតិជាច្រើននាក់ បានឱ្យដឹងទៀតថា គម្រោងលាលែងពីតំណែងរបស់លោក Esper មិនមានបង្កប់អាថ៌កំបាំងអ្វីឡើយនៅក្នុងមន្ទីរបញ្ចកោណ ហើយលោកក៏ចង់បន្តកាន់តំណែងយូរ តាមដែលលោកអាចធ្វើទៅបានដែរ។ ប៉ុន្តែទំនាក់ទំនងរវាងលោក និងលោក ត្រាំមានភាពល្អក់ កករនឹងគ្នាកាន់តែខ្លាំង។ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា លោកមានបំណងបណ្ដេញលោក Esper ចេញពីតំណែងតាំងតែពីខែតុលាមកម្ល៉េះ ដោយកាលណោះសារព័ត៌មាន Bloomberg បានចុះផ្សាយថា អ្នកទាំងពីរមានការខ្វែងគំនិតគ្នាជាច្រើន ហើយលោក ត្រាំ បានអាក់អន់ស្រពន់ចិត្តជាខ្លាំង ចំពោះលោក Esper ដែលមិនបានគាំទ្ររូបលោកលើបញ្ហាមួយចំនួនធំ ក្នុងនោះរួមមានទាំងបញ្ហាសន្តិសុខជាតិសំខាន់ៗ និងរឿងអាស្រូវជាមួយរុស្ស៊ីជាដើម។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃប្រមុខមន្ទីរបញ្ចកោណខាងលើគឺលោក ចូណាថាន់ ហូហ្វមែន (Jonathan Hoffman) បានសរសេរលើសារមួយបង្ហោះលើ Twitter ថា លោក Mark Esper មិនមានគម្រោងលាលែងពីតំណែងឡើយ ហើយក៏មិនត្រូវបានតម្រូវឱ្យសរសេរលិខិតលាលែងអ្វីនោះដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅអាមេរិក ក្រៅពីលោក Mark Esper លោក ដូណាល់ ត្រាំ ក៏មានគម្រោងបណ្ដេញមន្ត្រីកំពូលៗជាច្រើនរូបទៀត ក្នុងនោះមានទាំងនាយក FBI លោក គ្រីស្តូហ្វឺ រ៉េយ (Christopher Wray) ផងដែរ ទោះបីជាលោកឈ្នះឬចាញ់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ នេះក៏ដោយ៕