(មូស្គូ)៖ ស្ថាប័នប៉ូលីសក្រុងឡុងដ៍បានប្រកាសថា មនុស្សរាប់រយនាក់បានប្រមូលម្ដុំគ្នា នៅកណ្ដាលទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិតសាជាថ្មី ទាក់ទងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) ហើយក្នុងនោះមួយចំនួនធំត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ូលីសក្រុងឡុងដ៍បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ខ្លួនបានធ្វើការចាប់ខ្លួនមនុស្សចំនួន ១០៤នាក់ ដែលបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងវិធានការបិទទីក្រុងសាជាថ្មី ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នៅកណ្ដាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ ភ្លាមៗនោះនៅពេលដែលហ្វូងមនុស្សម្នាក បានចាប់ផ្តើមប្រមូលផ្តុំគ្នា ក្រុមមន្រ្តីប៉ូលីសបានចាត់វិធានការបន្ទាន់ ដើម្បីណែនាំពួកគេឱ្យត្រឡប់ទៅផ្ទះវិញ ហើយការចាប់ខ្លួនត្រូវបានធ្វើឡើង ដោយសារតែក្រុមអ្នកតវ៉ាទាំងនោះ មិនបានគោរពតាមការណែនាំរបស់ប៉ូលីស ក្នុងនោះមានដូចជាការរំលោភវិធានការរឹតត្បិតសាជាថ្មី ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19។
ជុំវិញបញ្ហាខាងលើនេះ មេបញ្ជាការប៉ូលីសក្រុងឡុងដ៍ លោក ចេន ខុនណស (Jane Connors) បានថ្កោលទោសយ៉ាងខ្លាំងលើក្រុមអ្នកតវ៉ា ពីបទរំលោភលើវិធានការរឹតត្បិតសាជាថ្មី ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នេះ ដោយលោកបានគូសបញ្ជាក់ថា «អាទិភាពរបស់យើង គឺដើម្បីការពារទីក្រុងឡុងដ៍។ យើងបានប្រឈមនឹងការឆ្លងរីករាលដាលនៃ COVID-19 នេះ អស់រយៈពេលជាង ៨ខែហើយ។ ឥលូវនេះយើងមិនអនុញ្ញាតឱ្យនរណាម្នាក់ រំលោភលើវិធានការរឹតត្បិត ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នេះទៀតឡើយ ហើយចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើវិធានការខាងលើ ទំនងជានឹងកើនឡើងថែមទៀត»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 នៅទូទាំងប្រទេសជាង ១.១២លាននាក់ហើយ និងមានអ្នកស្លាប់ជាង ៤៨,០០០នាក់៕