Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រាំ ធ្លាប់និយាយលេងសើចថា លោកប្រហែលជាត្រូវចាកចេញពីអាមេរិក ប្រសិនបើចាញ់ បៃដិន ដែលជាបេក្ខជនអន់បំផុតក្នុងប្រវត្តិសាស្ត្រ (Video inside)

06-11-2020 12:23

(អាមេរិក)៖ កាលពីពេលបោះឆ្នោតមិនទាន់មកដល់ គឺពាក់កណ្តាលខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយបែបលេងសើចថា លោកប្រហែលជានឹងត្រូវចាកចេញពីប្រទេសហើយ ប្រសិនលោកចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មាន The Hill នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

កំឡុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតមួយនៅរដ្ឋ ចរជា (Georgia) កាលពីពេលនោះ លោក ត្រាំ បានលើកឡើងនៅចំពោះមុខក្រុមអ្នកគាំទ្រថា «ខ្ញុំមិនគួរលេងសើចទេ ប៉ុន្តែតើអ្នកអាចស្រមៃបានទេ ក្នុងករណីដែលខ្ញុំចាញ់? ខ្ញុំនឹងត្រូវនិយាយថា ខ្ញុំចាញ់បេក្ខជនដែលអន់បំផុតក្នុងប្រវត្តិសាស្រ្ត នៃនយោបាយអាមេរិក។ ខ្ញុំនឹងមិនមានអារម្មណ៍ឡើយ។ ប្រហែលជាខ្ញុំត្រូវចាកចេញពីប្រទេសហើយមើលទៅ ប្រសិនបែបនោះមែន... ខ្ញុំមិនច្បាស់ទេ»

ចំណែកកាលពីខែកញ្ញាវិញ នៅចំពោះមុខក្រុមអ្នកគាំទ្រក្នុងរដ្ឋ ណត ខារ៉ូលីណា (North Carolina) លោក ត្រាំ ក៏បាននិយាយលេងថា «ប្រសិនបើខ្ញុំចាញ់គាត់ (លោក បៃដិន) ខ្ញុំមិនដឹងថានឹងត្រូវធ្វើបែបណាឡើយ។ ខ្ញុំប្រហែលជានឹងមិនបាននិយាយជាមួយអ្នកទាំងអស់គ្នាទៀតទេ ហើយអ្នកក៏នឹងមិនឃើញខ្ញុំទៀតដែរ»។ កាលពីឆ្នាំ២០១៦ លោកប្រធានាធិបតីអាមេរិករូប ក៏ធ្លាប់បាននិយាយលេងសើចដូចគ្នាទៀតថា ប្រសិនបើលោកចាញ់ការជ្រើសរើសបេក្ខជនប្រធានាធិបតី តំណាងបក្សសាធារណៈ លោកនឹងមិនឲ្យមហាជនឃើញមុខលោកទៀតទេ។

គួរជម្រាបថា ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកវិញ គឺលោក ចូ បៃដិន ទទួលបានសំឡេងតំណាងបោះឆ្នោតសរុប ២៦៤រូប ដែលកៀកនឹងសំឡេងចាំបាច់ ២៧០សំឡេង ខណៈលោក ដូណាល់ ត្រាំ ទទួលបាន ២១៤រូប ជាមួយឱកាសតិចតួចបំផុត ខណៈការរាប់សន្លឹកឆ្នោតកំពុងបន្តប្រព្រឹត្តទៅ ចំពោះមុខភាពចម្រូងចម្រាសជាច្រើន ជាពិសេសគឺបាតុកម្មពីសំណាក់ក្រុមគាំទ្រលោក ដូណាល់ ត្រាំ៕