(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាជាន់ខ្ពស់កូរ៉េខាងជើងបានណែនាំឲ្យហាមឃាត់ ការជក់បារីនៅតាមទីសាធារណៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវ «បរិស្ថានរស់នៅប្រកបដោយអនាម័យ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
KCNA បានដកស្រង់សម្តីរបស់សមាជិកសភាថា ច្បាប់ហាមឃាត់ការជក់បារីមានគោលបំណង ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើង ដោយរឹតបន្តឹងការត្រួតពិនិត្យផ្នែកច្បាប់ និងសង្គមទៅលើការផលិត និងការលក់បារី។ KCNA បានលើកឡើងតាមច្បាប់ដែលបានចែងថា ការជក់បារីត្រូវបានហាមឃាត់ នៅក្នុងកន្លែងជាក់លាក់មួយមួយចំនួនដូចជា មជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងមនោគមវិជ្ជា, រោងភាពយន្ត, ព្រមទាំងមូលដ្ឋានសុខាភិបាល និងមណ្ឌលសុខភាពសាធារណៈជាដើម។
គួរជម្រាបថា បើតាមអង្គការសុខភាពពិភពលោក (WHO) ប្រទេសកូរ៉េខាងជើងមានអត្រាអ្នកជក់បារីខ្ពស់ ក្នុងនោះបុរសប្រមាណ ៤៣,៩ភាគរយចេះជកបារី បើគិតតាមតួលេខចុងក្រោយ ដែលត្រូវបានកត់ត្រាកាលពីឆ្នាំ២០១៣៕