(ដឺត្រយ)៖ ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ រាប់សិបនាក់ដែលប្រកបដោយកំហឹង បានប្រមូលផ្ដុំគ្នា នៅតាមការិយាល័យរាប់សន្លឹកឆ្នោតក្នុងទីក្រុង ដឺត្រយ (Detroit) នៃរដ្ឋមីឈីហ្គែន (Michigan) និងទីក្រុង ហ្វឺនិច (Phoenix) នៃរដ្ឋអារីហ្សូណា (Arizona) ជាមួយការស្រែកអំពាវនាវឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈក្រុមអ្នកគាំទ្រលោក ចូ បៃដិន ក៏បានជួបជុំនៅទីនោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងទីក្រុង Detroit ក្រុមអ្នកគាំទ្រលោក ត្រាំ បានស្រែកច្រៀងថា «បញ្ឈប់ការរាប់សន្លឹកឆ្នោត រីឯអ្នកគាំទ្ររបស់លោកក្នុងទីក្រុង Phoenix នាំគ្នាស្រែកច្រៀងអំពាវនាវឱ្យបញ្ឈប់ការលួចសន្លឹកឆ្នោត»។ ការជួបជុំ និងការតវ៉ាទាំងនេះ កើតមានឡើងក្រោយ លោក ត្រាំ ផ្ទាល់អះអាងដោយមិនបានបង្ហាញភស្ដុតាង អំពីបញ្ហាក្នុងការរាប់សន្លឹកឆ្នោត ខណៈក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បានដាក់ពាក្យបណ្ដឹងតវ៉ាតាមផ្លូវច្បាប់ នៅក្នុងរដ្ឋជាច្រើនដែលកំពុងរាប់សន្លឹកឆ្នោតនៅឡើយ។
ទោះជាយ៉ាងណា ព្រមពេលជាមួយគ្នានេះក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ ក៏បានជួបជុំគ្នាផងដែរនៅថ្ងៃពុធសប្ដាហ៍នេះ ចាប់ពីទីក្រុងញូយ៉ក ដល់ទីក្រុងសៀតថល (Seattle) ដោយពួកគេចង់ឱ្យមានការរាប់សន្លឹកឆ្នោតទាំងស្រុង។ បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹងលោក ដូណាល់ ត្រាំ ដែលទទួលបាន ២១៤រូប។ លោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ ០៦រូបទៀតប៉ុណ្ណោះ ហើយរដ្ឋដែលជាក្តីសង្ឃឹមបំផុតសម្រាប់លោកគឺ Nevada៕