(វ៉ាស៊ីនតោន)៖ បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹងលោក ដូណាល់ ត្រាំ ដែលទទួលបាន ២១៤រូប។ លោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ ០៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋណេវ៉ាដា (Nevada) ក្នុងសំឡេង ៤៩.៣ភាគរយ ទល់នឹង ៤៨.៧ភាគរយ (ការរាប់សន្លឹកឆ្នោតកំពុងបន្ត)។ ប្រសិនបើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង ០៦រូប នោះវាល្មមគ្រប់គ្រាន់ឱ្យលោកទទួលបាន អ្នកបោះឆ្នោតតំណាង ២៧០រូប ដែលអាចប្រកាសពីជ័យជម្នះបាន។
ទោះជាបែបនេះក្តី ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងដោយមិនបានបង្ហាញភស្តុតាងថា «មានការក្លែងបន្លំសន្លឹកឆ្នោត» ដោយបានដាក់ពាក្យបណ្ដឹងតវ៉ាតាមផ្លូវច្បាប់ ដើម្បីស្នើឱ្យបញ្ឈប់រាល់ការរាប់សន្លឹកឆ្នោតទាំងអស់នៅក្នុងរដ្ឋ Swing state ចំនួនបួនរដ្ឋនោះគឺ ភែនស៊ីលវេនៀ (Pennsylvania), វីសខុនសិន (Wisconsin), ចរជា (Georgia) និងរដ្ឋ មីឈីហ្គែន (chigan) ព្រមទាំងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋ Wisconsin ជាទីដែលលោក បៃដិន នាំមុខលោក ត្រាំ ៤៩.៦ភាគរយទល់នឹង ៤៨.៩ភាគយផងដែរ។
លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះក៏បានប្រកាសដែរថា លោកនឹងស្នើឱ្យតុលាការកំពូល ធ្វើអន្តរគមន៍ក្នុងការបោះឆ្នោតនេះ ដែលសេណារីយ៉ូបែបនេះធ្លាប់កើតឡើងចុងក្រោយបំផុត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០០។ កាលណោះជម្លោះលើលទ្ធផលបោះឆ្នោត បានកើតឡើងក្នុងរដ្ឋ Florida ហើយចុងក្រោយតុលាការកំពូលបានសម្រេច ឱ្យលោក ចច ដាប៊ែលយូ ប៊ូស (George W Bush) មកពីបក្សសាធារណរដ្ឋ ឈ្នះលោក អាល់ ហ្គ័រ (Al Gore) ជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ។
* តើសេណារីយ៉ូបែបនេះ អាចកើតឡើងជាថ្មីដែរឬទេ?
ការបោះឆ្នោតប្រធានាធិបតីអាមេរិកត្រូវបានគេរំពឹងរួចទៅហើយថា នឹងជួបភាពចម្រូងចម្រាស តាំងតែពីមុនថ្ងៃបោះឆ្នោតនៅថ្ងៃអង្គារ ទី០៣ វិច្ឆិកា នោះមកម្ល៉េះ ដោយមានពាក្យបណ្ដឹងច្រើនជាង ៣០០ នៅទូទាំងរដ្ឋចំនួន ៤៤ ជំទាស់នឹងការបោះឆ្នោតមុនកាលកំណត់ និងតាមប្រៃសណីយ៍ក្នុងឆ្នាំ២០២០នេះ ដែលលោក ត្រាំ ផ្ទាល់ធ្លាប់បានអះអាងដោយគ្មានភស្ដុតាងថា វានឹងនាំទៅការក្លែងបន្លំសន្លឹកឆ្នោត។
លោក ត្រាំ កាលពីព្រឹកថ្ងៃពុធ (ពេលវេលានៅអាមេរិក) បានឱ្យដឹងទៀតថា លោកនឹងស្នើឱ្យតុលាការកំពូល ធ្វើអន្តរាគមន៍ដោយបញ្ឈប់ការរាប់សន្លឹកទាំងអស់ ដោយលោកបានគូសបញ្ជាក់ថា «យើងនឹងឡើងទៅដល់តុលាការកំពូល, យើងចង់ឲ្យការរាប់សន្លឹកឆ្នោតត្រូវបញ្ឈប់»។ ប៉ុន្តែលោក ម៉ាត់ស៊ូ វែល (Matthew Weil) នាយកមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ បាយផាធីសាន (Bipartisan Policy Research Center) ដែលមានជំនាញខាងវិភាគលទ្ធផលបោះឆ្នោតបានសង្កត់ធ្ងន់ថា តុលាការកំពូលគ្មានអំណាចពិសេសណាមួយ ដើម្បីបញ្ឈប់នីតិវិធីរាប់សន្លឹកឆ្នោត ដោយស្របច្បាប់នោះទេ។
ចំណែកឯលោក រីឆាដ ប្រ៊ីហ្វលត៍ (Richard Briffault) ជាសាស្ត្រាចារ្យផ្នែកច្បាប់ នៃសាកលវិទ្យាល័យច្បាប់ខូឡុំបៀរ (Columbia University Law School) ក៏បានបញ្ជាក់ដែរថា «ជាធម្មតាក្រុមយុទ្ធនាការឃោសនាបោះឆ្នោតមកពីគណបក្សនីមួយៗ អាចជំទាស់នឹងលទ្ធផលបោះឆ្នោត ដែលប្រកិតប្រកៀកនឹងរដ្ឋសំខាន់ៗ។ តែទន្ទឹមគ្នានេះ ពួកគេត្រូវតែមានហេតុផលសមរម្យណាមួយ ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ ជាមូលដ្ឋានដើម្បីនាំយកជម្លោះលើលទ្ធផលបោះឆ្នោតនេះ ឡើងទៅតុលាការកំពូល»។
នៅក្នុងករណីមានការតវ៉ាលើលទ្ធផលបោះឆ្នោត នោះវានឹងតម្រូវឱ្យក្រុមអ្នកច្បាប់ នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតនៃគណបក្សទាំង ២ ឡើងតវ៉ាតាមផ្លូវច្បាប់នៅក្នុងតុលាការប្រចាំរដ្ឋ។ ចៅក្រមប្រចាំរដ្ឋនឹងទទួលយកការតវ៉ា ហើយបង្គាប់ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ខណៈតុលាការកំពូលអាចនឹងត្រូវបានស្នើសុំឱ្យជំទាស់ ឬធ្វើមោឃភាពលើការសម្រេចចិត្តណាមួយ។
តែនៅក្នុងករណីខ្លះ ការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងដោយស្វ័យប្រវត្តិ នៅពេលគម្លាតនាំមុខនៃបក្សណាមួយ មានសំឡេងប្រកិតគ្នាពេក ដែលតម្រូវឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។ ជាឧទាហរណ៍ដូចជាជម្លោះលើលទ្ធផល នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០០ រវាងលោក George W Bush និងលោក Al Gore ដែលកាលណោះលោក Al Ghore ជាអ្នកប្តឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ប៉ុន្តែជ័យជម្នះនៅតែបានលើលោក Bush ដដែល៕
ប្រភព៖ BBC (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០)