(តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខេត្តកាហ្គាវ៉ា (Kagawa) នៃប្រទេសជប៉ុននឹងសម្លាប់សត្វមាន់ចំនួន ៣៣០,០០០ក្បាលនៅក្នុងកសិដ្ឋានមួយចោល បន្ទាប់ពីមានការផ្ទុះជំងឺផ្តាសាយបក្សីជាលើកដំបូងនៅក្នុងប្រទេស នៅក្នុងរយៈពេលជាង ០២ឆ្នាំកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីក្រសួងកសិកម្មជប៉ុនបានគូសបញ្ជាក់ថា សត្វមាន់រាប់សែនក្បាលនៅកសិដ្ឋានមួយ នៅទីក្រុងមីតូយ៉ូ (Mitoyo) ដែលស្ថិតនៅភាគខាងលិចខេត្ដ Kagawa នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយបក្សី នៅក្នុងការធ្វើតេស្តបឋម។ មន្រ្តីដដែលក៏បានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុននឹងធ្វើតេស្តតាមបច្ចេកទេសបន្ថែមទៀត ដើម្បីបញ្ជាក់ថា តើជំងឺនេះគឺជាជំងឺផ្តាសាយបក្សី H5 ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា អ្នកគ្រប់គ្រងកសិដ្ឋានខាងលើនេះ បានជូនដំណឹងដល់រដ្ឋបាលខេត្ត Kagawa អំពីការសង្ស័យថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី ក្រោយសត្វមាន់ប្រមាណ ៣,៨០០ក្បាលបានងាប់ជាំបន្តបន្ទាប់ ក្នុងរយៈពេល ០៤ថ្ងៃគិតមកត្រឹមថ្ងៃពុធម្សិលមិញនេះ។ បើតាមក្រសួងកសិកម្មជប៉ុន ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីចុងក្រោយ បានកើតឡើងកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយសត្វមាន់ចំនួន ៩១,០០០ក្បាលនៅកសិដ្ឋានមួយ នៅទីក្រុង សានូគិ (Sanuki) ដែលស្ថិតនៅក្នុងខេត្ត Kagawa ដដែលនេះត្រូវបានសម្លាប់ចោល ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕