(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថាលោកនឹងស្នើសុំឱ្យតុលាការកំពូល ធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត ស្របរដ្ឋជាច្រើនក្នុងនោះរួមទាំងរដ្ឋ Swing state កំពុងបន្តរាប់សន្លឹកឆ្នោតនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមលទ្ធផលឆ្នោតបឋម លោក បៃដិន ទទួលបានអ្នកបោះឆ្នោតតំណាង២៣៨រូប ខណៈលោក ត្រាំ ទទួលបាន២១៣រូប។ បច្ចុប្បន្ន លោក ត្រាំ កំពុងនាំមុខលោក បៃដិន នៅក្នុងរដ្ឋ Swing state ដូចជារដ្ឋ Michigan, Pennsylvania, Georgia និងរដ្ឋ Wisconsin។ ប៉ុន្តែ នេះជាការនាំមុខធម្មតា ដោយផ្អែកលើការរាប់សន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោតនេះតែប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលសន្លឹកឆ្នោតមួយចំនួនធំ ដែលអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបោះឆ្នោតតាមប្រៃសណីយ៍ ដែលអាចនឹង ចំណាយពេលយូរក្នុងការរាប់នោះឡើយ។
លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់លោក នៅឯសេតវិមានដូច្នេះថា៖ «នេះគឺជាការក្លែងបន្លំប្រជាជនអាមេរិក...និយាយដោយស្មោះ យើងបានឈ្នះការបោះឆ្នោតនេះ រួចទៅហើយ..ដូច្នេះយើងនឹងស្នើឱ្យតុលាការកំពូលធ្វើអន្តរាគមន៍ ហើយយើងចង់ការបោះឆ្នោតទាំងឡាយត្រូវបញ្ឈប់នៅត្រឹមនេះ»។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាតើ លោក ត្រាំ នឹងប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់អ្វី ដើម្បីស្នើឱ្យតុលាការកំពូលបញ្ឈប់ការរាប់សន្លឹកឆ្នោតនោះទេ។
គួរជម្រាបថា ជ័យជម្នះរបស់លោក បៃដិន ក្នុងរដ្ឋ Arizona បានបង្អាក់ដំណើរឆ្ពោះទៅការជាប់ឆ្នោតមួយអាណត្តិទៀតរបស់លោក ត្រាំ ខណៈរដ្ឋ Pennsylvania, Wisconsin និងរដ្ឋ Michigan ត្រូវបានគេមើលឃើញថានឹងក្លាយជាអ្នកកំណត់អ្នកឈ្នះចាញ់រវាងលោក ត្រាំ និងលោក បៃដិន៕