(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃពុធនេះ បានប្រកាសពីជ័យជម្នះលើបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បើទោះជារដ្ឋ Swing state ជាច្រើនមិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងទៅកាន់អ្នកគាំទ្រនៅឯសេតវិមាន លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «និយាយដោយស្មោះ, យើងបានឈ្នះហើយ។ ដូចដែលខ្ញុំបានគិត គឺយើងបានឈ្នះរួចទៅ ហើយ»។ លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានអះអាងថាលោកនឹងប្រកាសពីជ័យជម្នះ នៅពេលដែលលោកឈ្នះតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋជាច្រើន ដូចជា រដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina, Pennsylvania និងរដ្ឋ Wisconsin មិនទាន់បញ្ចប់នៅឡើយទេ បើទោះ ជាលោកត្រាំ កំពុងនាំមុខលើលោក បៃដិន នៅក្នុងរដ្ឋទាំងនេះមួយចំនួនធំក៏ដោយ។
គួរជម្រាបថា បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ទទួលបានអ្នកបោះឆ្នោតតំណាង២១៣រូប ខណៈលោក ចូ បៃដិន ទទូលបាន២៣៨រូប ហើយដើម្បីឈ្នះលោក ត្រាំ ឬលោក បៃដិន ត្រូវការសំឡេងប្រតិភូ២៧០រូប៕