(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្យាករណ៍ថា នឹងឈ្នៈភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។ ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ បានអះអាងដោយគ្មានភស្ដុតាងថា គណបក្សប្រជាធិបតេយ្យកំពុងព្យាយាម លួចសន្លឹកឆ្នោតពីរូបលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមរយៈសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធនេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែពួកគេកំពុងព្យាយាមលួចបន្លំការបោះឆ្នោត។ យើងនឹងមិនបណ្ដោយឱ្យពួកគេធ្វើបែបនេះឡើយ។ នេះជាជ័យជម្នះដ៏ធំធេង សម្រាប់ការជាប់ឆ្នោតជាថ្មីមួយអាណត្តិទៀត»។ ការលើកឡើងដោយគ្មានភស្ដុតាងបែបនេះរបស់លោក ត្រាំ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃដិន នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមថា លោកនឹងឈ្នះនៅក្នុងការបោះឆ្នោតនេះ ព្រោះការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់ទេ។
គួរជម្រាបថា បើតាមលទ្ធផលបោះឆ្នោតចេញមកជាបណ្ដើរៗ លោក ដូណាល់ ត្រាំ ហាក់ដូចជាមានប្រៀបលើលោក បៃដិន ដោយកំពុងនាំមុខនៅក្នុងរដ្ឋ Swing state ជាច្រើន (រដ្ឋសំខាន់ៗដែលមានសំឡេងប្រតិភូច្រើន)។ លោក ត្រាំ មុនការបោះឆ្នោតធ្លាប់បានចោទប្រកាន់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ គឺជាការឆ្នោតឆ្នោតដ៏ពុករលួយ និងអាចមានការលួចបន្លំសន្លឹកឆ្នោត ដែលលោកផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសណីយ៍៕