(ឡូសអាន់ជែលែស)៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហាររវាងក្រុមជនសង្ស័យ ជាមួយប៉ូលិសនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅភាគខាងលិចអាមេរិក) នៅក្នុងទីក្រុង ហិនដឺសុន (Henderson) រដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆកា ឆ្នាំ២០២០។
បើតាមកាសែតក្នុងស្រុក ឡាសវេហ្គាស (Las Vegas Review-Journal) បានរាយការណ៍ថា ប៉ូលិសបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១១៖០០ព្រឹកពីពលរដ្ឋដែលរស់នៅក្នុងអគារផ្ទះល្វែងមួយរាយការណ៍ថា ពួកគេបានលឺសំឡេងកាំភ្លើង ហើយបានប្រទះឃើញមនុស្សម្នាក់នៅមាត់ទ្វារក្បែរនោះ ដែលទំនងដូចត្រូវបានគេបាញ់។ ភ្លាមៗនោះ ប៉ូលិសបានទៅដល់កន្លែងកើតហេតុ និងបានរកឃើញអ្នករងរបួស ០២នាក់ដោយគ្រាប់កាំភ្លើង ហើយជនសង្ស័យទំនងដូចជានៅក្នុងឡានក្បែរនោះ។
នៅជុំវិញបញ្ហានេះ មេបញ្ជាការប៉ូលិសប្រចាំទីក្រុង Henderson លោក ចេសុន គូហ្ស៊ីក (Jason Kuzik) បានគូសបញ្ជាក់ថា មានមនុស្ស ០៥នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុខាងលើ ក្នុងនោះ ០៤នាក់បានស្លាប់ រួមទាំងជនសង្ស័យដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលិសផងដែរ។ ស្ថានភាពរបស់អ្នករងរបួស នៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈប៉ូលិសគ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយ នៅពេលក្រោយបន្ទាប់ពីការស៊ើបអង្កេត៕