(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានខ្លួនចេញជាផ្លូវការហើយ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃពុធនេះ តាមការសន្យារយៈពេលមួយឆ្នាំរបស់លោក ដូណាល់ ត្រាំ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លេខាប្រតិបត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីអាកាសធាតុ (UNFCCC) លោកស្រី ផាទ្រីស្យា អេស្ពីណូសា (Patricia Espinosa) បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងចាកចេញជាផ្លូវការ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស... ប៉ុន្តែសហរដ្ឋអាមេរិកនឹងនៅតែជាសមាជិកអនុសញ្ញា UNFCCC ស្ដីពីការប្រែប្រួលអាកាសធាតុ ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីជួយ ប្រសិនបើសហរដ្ឋអាមេរិកចង់ចូលរួម ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានប្រកាសពីបំណងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុកាលពីខែមិថុនា ឆ្នាំ២០១៧ ដោយអះអាងថា កិច្ចព្រមព្រៀងនេះបំផ្លាញដល់សេដ្ឋកិច្ចអាមេរិក។ លោក ចូ បៃដិន ដែលជាគូប្រជែងបានអះអាងថា លោកនឹងអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុនេះវិញ ប្រសិនបើលោកជាប់ឆ្នោត៕