(អាមេរិក)៖ ខណៈលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងតាមដានលទ្ធផលបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ចូរក្រឡេកទៅមើលលើគោលជំហររៀងខ្លួនៗរបស់អ្នកទាំងពីរ ពាក់ព័ន្ធទៅនឹងគោលនយោបាយអវកាសរបស់សហរដ្ឋអាមេរិក តើនឹងអាចទៅជាយ៉ាងណាក្នុងរយៈពេល ០៤ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
១៖ គោលនយោបាយអវកាសរបស់លោក ដូណាល់ ត្រាំ
សម្រាប់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីកំពុងកាន់អំណាច គឺមានភាពសកម្មគួរសមនៅក្នុងគោលនយោបាយអវកាស។ តួយ៉ាងលោកបានគាស់រំលើងឡើងវិញ នូវក្រុមប្រឹក្សាអវកាសជាតិ ដែលបានបាត់សកម្មភាពចាប់តាំងតែពីដើមទសវត្សរ៍១៩៩០។ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) គឺជាប្រធានក្រុមប្រឹក្សានេះ។ លោក ត្រាំ ក៏បានចេញបទបញ្ជាស្តីពីគោលនយោបាយអវកាសចំនួន ០៥ខុសៗគ្នាផងដែរ។ ទីមួយគឺជាការកែសម្រួលបន្ថែមលើបទបញ្ជា ដែលដោយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១០ ដែលជំរុញឲ្យអាមេរិកបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ និងកន្លែងដទៃៗទៀត។
បទបញ្ជាពីរទៀតគឺសំដៅព្យាយាមកាត់បន្ថយភាពស្មុគស្មាញ នៃក្បួនច្បាប់ផ្សេងៗសម្រាប់ឧស្សាហកម្មអវកាសបែបពាណិជ្ជកម្ម និងភាពស្មុគស្មាញនៃគោលការណ៍នីតិវិធី សម្រាប់ការគ្រប់គ្រងការធ្វើចរាចរណ៍ក្នុងទីអវកាស។ មួយទៀតគឺមានគោលដៅពង្រឹងសុវត្ថិភាព នៃប្រព័ន្ធឧបករណ៍ក្នុងទីអវកាសរបស់អាមេរិក ហើយមួយចុងក្រោយគឺបង្គាប់ឲ្យក្រសួងការពារជាតិអាមេរិកបង្កើត «កងទ័ពអវកាស»។ ការបង្កើតកងទ័ពអវកាសនេះ ត្រូវគេមើលឃើញជាសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកកំពុងផ្តោតការយកចិត្តទុកដាក់ ទៅលើការការពារផលប្រយោជន៍ និងឥទ្ធិពលរបស់ខ្លួននៅក្នុងគន្លងគោចរជុំវិញផែនដី ឲ្យស្វាហាប់ជាងមុន។
កន្លងទៅក្នុងឆ្នាំនេះ លោក ដូណាល់ ត្រាំ ក៏បានចេញបទបញ្ជាប្រតិបត្តិមួយដែលលើកឡើងថា ការរុករកធនធានរ៉ែនៅទីអវកាស គឺស្របទៅតាមសន្ធិសញ្ញាអវកាស Outer Space Treaty ឆ្នាំ១៩៦៧ ដែលជាឆ្អឹងខ្នងនៃច្បាប់អវកាសអន្តរជាតិផងដែរ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានបង្កើនកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារអវកាស NASA ជាបន្តបន្ទាប់ថែមទៀតផង។
សរុបមក ប្រសិនបើអាណត្តិទី២របស់លោក ត្រាំ ដូចគ្នាទៅនឹងអាណត្តិទី១ គេប្រហែលជាអាចរំពឹងឃើញ ការបន្តផ្តោតទៅលើទាញយកប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីទីអវកាស ដូចជាការរុករកធនធានរ៉ែទីនោះ, ការបន្តប្រឹងប្រែងការពារប្រព័ន្ធឧបករណ៍ ព្រមទាំងឥទ្ធិពលរបស់ អាមេរិកក្នុងទីអវកាសកាន់តែទូលំទូលាយ និងការបន្តផ្តល់អាទិភាពទៅលើកម្មវិធីបញ្ជូនមនុស្ស ឲ្យរុករកក្នុងលំហអវកាស ជាពិសេសគឺអាចជំរុញឲ្យការបញ្ជូនអវកាសយានិក ឲ្យទៅជាន់ផ្ទៃព្រះច័ន្ទ និងបោះមូលដ្ឋាននៅទីនោះ ប្រព្រឹត្តទៅឆាប់រហ័សជាងមុន។
២៖ គោលនយោបាយអវកាសរបស់លោក ចូ បៃដិន
ដោយឡែកសម្រាប់គោលនយោបាយលោក ចូ បៃដិន វិញ គឺគេអាចត្រឹមសន្និដ្ឋានខ្លះៗប៉ុណ្ណោះថា តើនឹងអាចមានទម្រង់បែបណាប្រសិន បើលោកជាប់ជាប្រធានាធិបតី។ ក្រុមអ្នកជំនាញមួយចំនួន បានព្យាករណ៍ថា គោលនយោបាយអវកាសអាមេរិក នឹងមិនផ្លាស់ប្តូរច្រើន ប៉ុន្មានឡើយនៅក្រោមលោក បៃដិន ដោយសម្អាងថាបក្សប្រជាធិបតេយ្យធ្លាប់បានសន្យាបន្តផ្តល់ការគាំទ្រដល់ NASA និងការរុករកនៅទីអវកាស ដូចជាការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ និងភពអង្គារជាដើម។
យ៉ាងណាមិញ លោក បៃដិន ធ្លាប់បានលើកឡើងថា ការប្រយុទ្ធប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុ នឹងជាអាទិភាពចម្បងមួយនៅក្នុងរដ្ឋបាលលោក ខណៈសម្រាប់រដ្ឋបាលបច្ចុប្បន្នរបស់លោក ត្រាំ គឺហាក់មិនសូវខ្វល់ខ្វាយចំពោះបញ្ហានេះឡើយ។ ដោយឡែកលោក បៃដិន ក៏ត្រូវគេយល់ថា នឹងបន្តស្វាគមន៍ចំពោះឧស្សាហកម្មអវកាសបែបពាណិជ្ជកម្មដែរ។
គួរជម្រាបថា យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហាសំខាន់ដទៃទៀត គឺមិនទាន់អាចនិយាយបានឲ្យប្រាកដទេសម្រាប់លោក បៃដិន ដូចជាថាតើលោកនឹងទុកប្រធាន NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) ដែរឬក៏អត់ ប្រសិនបើលោកក្លាយជាប្រធានាធិបតី។ ទោះជាយ៉ាងណា វិស័យអវកាសរបស់សហរដ្ឋអាមេរិកទាំងរដ្ឋ និងឯកជនត្រូវបានគេមើលឃើញថា នៅតែបន្តនាំមុខប្រទេសនានាឆ្ងាយរួចជាស្រេចទៅហើយ៕