(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្នាក់ជាតិថ្មីមួយរបស់ទូរទស្សន៍ CNN បានឱ្យដឹងថា ប្រជាជនអាមេរិកមួយភាគបី ចាត់ទុកសេដ្ឋកិច្ចគឺជាកត្តាដ៏សំខាន់ ដែលជំរុញការសម្រេចចិត្តរបស់ពួកគេ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីឆ្នាំ២០២០នេះ។ នេះបើតាមការចេញដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងការស្ទង់មតិចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) CNN បានឱ្យដឹងទៀតថា ប្រជាជនអាមេរិកម្នាក់ក្នុងចំណោម ០៥នាក់ ដែលត្រូវបានសាកសួរនោះបានឆ្លើយថា សមភាពពូជសាសន៍គឺជាកត្តាដ៏សំខាន់ នៃការសម្រេចចិត្តរបស់ពួកគេ ខណៈម្នាក់ក្នុងចំណោម ០៦នាក់អះអាងថា វិបត្តិកូវីដ-១៩ គឺជាកត្តាដ៏សំខាន់។
ដោយឡែកបើគិតពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ វិញ ០៦នាក់ក្នុងចំណោម ១០នាក់ចាត់ទុកថា សេដ្ឋកិច្ចជាកត្តាដ៏សំខាន់ រីឯ ៥ភាគរយប៉ុណ្ណោះគិតថា កូវីដ-១៩ជាកត្តាដ៏សំខាន់។ ងាកទៅមើលអ្នកគាំទ្រលោក ចូ បៃដិន វិញ ០៣នាក់ក្នុងចំណោម ១០នាក់អះអាងថា កូវីដ-១៩ គឺជាកត្តាដ៏សំខាន់នៃការសម្រេចចិត្តរបស់ពួកគេ ហើយម្នាក់ក្នុងចំណោម ១០នាក់និយាយថា សេដ្ឋកិច្ចជាកត្តាដ៏សំខាន់។
គួរជម្រាបថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងឈានទៅរកទីបញ្ចប់នៅរដ្ឋសរុបចំនួន ៥០ របស់សហរដ្ឋអាមេរិក ក្នុងនោះរដ្ឋហាវ៉ៃ និងអាឡាស្កា នឹងត្រូវបញ្ចប់ក្រោយគេ ហើយការចេញលទ្ធផលបណ្តោះអាសន្ន ក៏ត្រូវបានឡើងជាបន្តបន្ទាប់ផងដែរ។ ករណីឆ្លងកូវីដ-១៩ ត្រូវបានគេមើលឃើញថា នៅតែបន្តកើនឡើង ហើយការបែកបាក់នយោបាយវិញក៏ត្រូវបានគេរំពឹងដែរថា នឹងមានសភាពកាន់តែពុះកញ្ជ្រោល៕