(វ៉ាស៊ីនតោន)៖ ពេលវេលាចាប់ផ្តើម នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលត្រូវបានយកជាគោល គឺនៅវេលាព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងយប់ថ្ងៃអង្គារម៉ោងនៅកម្ពុជា។ ពលរដ្ឋនៅរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបោះឆ្នោតពីបណ្តារដ្ឋភាគខាងកើត ដេញទៅរករដ្ឋភាគខាងលិច ដោយនៅក្នុងនោះរដ្ឋអាឡាស្កា និងហាវ៉ៃ នឹងត្រូវបិទបញ្ចប់ការបោះឆ្នោតចុងក្រោយគេ។ តើនៅក្រោយការបោះឆ្នោតចប់សព្វគ្រប់ នឹងមានអ្វីកើតឡើងជាបន្តទៀត?
១៖ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
* នៅម៉ោង ៥៖០០នាទីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) មជ្ឈមណ្ឌលស្រាវជ្រាវ Edison នឹងបញ្ចេញលទ្ធផលអង្កេតបឋម អំពីការបោះឆ្នោតជារួម នៅទូទាំងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលពីមន្ត្រីជំនាញ និងការស្រង់ចម្លើយ ពីអ្នកចូលរួមនានាតាមទូរស័ព្ទ ពីបណ្តាមណ្ឌលបោះឆ្នោត និងអ្នកដែលបានបោះឆ្នោតតាម mail ផងដែរ។
Edison មិនមែនជាអ្នកវាយតម្លៃលទ្ធផលបោះឆ្នោត ឬបែងចែកភាគរយថា នរណាឈ្នះឬចាញ់នោះឡើយ ប៉ុន្តែស្ថាប័ននេះនឹងធ្វើការបូកសរុបលទ្ធផល បានមកពីការអង្កេត និងសម្ភាសន៍ផ្ទាល់ពីអ្នកដែលបានចូលរួមបោះឆ្នោត ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅនៃការបោះឆ្នោត រហូតដល់កណ្តាលយប់ថ្ងៃទី០៣ ខែវិច្ឆិកា តែម្តង។
* នៅម៉ោង ៦៖០០នាទីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) មណ្ឌលបោះឆ្នោតមួយចំនួននៅរដ្ឋ Indiana និង Kentucky នឹងត្រូវបិទ ហើយក៏ជាទីតាំងដំបូងគេក្នុងប្រទេស ដែលត្រូវបិទការិយាល័យផងដែរ។
* នៅម៉ោង ៧៖០០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ នៅរដ្ឋ Georgia, Indiana, Kentucky, South Carolina, Virginia និង Vermont។ នៅម៉ោងដដែល ការិយាល័យខ្លះនៅរដ្ឋ Florida នឹងត្រូវបិទ ខណៈមួយចំនួនទៀតនឹងនៅបន្តដល់ម៉ោង ៨៖០០នាទីយប់។
* នៅម៉ោង ៧៖៣០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ នៅរដ្ឋ North Carolina, Ohio និង West Virginia។
* នៅម៉ោង ៨៖០០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតនឹងត្រូវបញ្ចប់នៅរដ្ឋ Alabama, Connecticut, Delaware, Florida, Illinois, Maine, Maryland, Massachusetts, Mississippi, Missouri, New Hampshire, New Jersey, Oklahoma, Pennsylvania, Rhode Island, Tennessee និងរដ្ឋធានី Washington DC។
* នៅម៉ោង ៨៖៣០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ទីភ្នាក់ងារព័ត៌មាន Reuters នឹងចេញផ្សាយលទ្ធផលបឋម អំពីលទ្ធផលនៃការបិទបញ្ចប់ការបោះឆ្នោតជាតិ ដោយស្ថាប័នស្រាវជ្រាវ Edison ទៅលើ «ភាគរយអ្នកគាំទ្រលោក ដូណាល់ ត្រាំ និងភាគរយអ្នកគាំទ្រលោក ចូ បៃដិន»។ នៅម៉ោងដដែលនេះ ការិយាល័យបោះឆ្នោតនឹងត្រូវបិទនៅរដ្ឋ Arkansas។
* នៅម៉ោង ៩៖០០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតត្រូវបញ្ចប់នៅរដ្ឋ Arizona, Colorado, Kansas, Louisiana, Michigan, Minnesota, Nebraska, New Mexico, New York, North Dakota, South Dakota, Texas, Wisconsin និង Wyoming។
* នៅម៉ោង ១០៖០០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតត្រូវបញ្ចប់នៅរដ្ឋ Iowa, Montana, Nevada និង Utah។
* នៅម៉ោង ១១៖០០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតត្រូវបញ្ចប់នៅរដ្ឋ California, Idaho, Oregon និងរដ្ឋ Washington។
* នៅម៉ោង ១២៖០០នាទីអធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតត្រូវបញ្ចប់នៅរដ្ឋ Hawaii។
* នៅម៉ោង ១៖០០នាទីរំលងអធ្រាត្រថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ការបោះឆ្នោតត្រូវបញ្ចប់នៅរដ្ឋ Alaska។
គួរបញ្ជាក់ថា បណ្តារដ្ឋភាគច្រើនគឺត្រូវការពេលផ្ទាងផ្ទាត់ និងស្កេនផងដែរ ដើម្បីបញ្ជាក់អំពីភាពគួរឲ្យទុកចិត្តបាន នៃសំឡេងឆ្លោតនីមួយៗ ដោយរដ្ឋខ្លះត្រូវការពេលរហូតដល់ទៅកន្លះខែឯណោះ ទើបអាចបញ្ចប់កិច្ចការនេះ។
២៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០
ជាថ្ងៃដែលត្រូវបានចាត់ទុកថា «ពេលវេលានៃសុវត្ថិភាព ឬ safe harbour» ដែលជាថ្ងៃកំណត់នៅក្រោមច្បាប់សហព័ន្ធ ដើម្បីដោះស្រាយបញ្ហាវិវាទនានា ទៅលើលទ្ធផលសរុបនៃការបោះឆ្នោត និងការកំណត់រកអ្នកឈ្នះពិតប្រាកដ។ ប្រសិនបើរដ្ឋណាមួយ បរាជ័យមិនអាចបញ្ចប់ការរាប់សន្លឹកឆ្នោត ឲ្យទាន់ពេលនេះទេ សភានឹងលែងតម្រូវឲ្យទទួលយកលទ្ធផលរបស់ខ្លួន នៅក្រោមប្រព័ន្ធបោះឆ្នោតអ្នកតំណាង (Electoral College) ឡើយ។
៣៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០
ជាថ្ងៃដែលសមាជិកនៃក្រុមអ្នកបោះឆ្នោតតំណាង (Electoral College) រៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតី។ នៅក្រោមប្រព័ន្ធអាមេរិក អ្នកឈ្នះនៃការបោះឆ្នោត Popular Vote ពីរដ្ឋនីមួយៗ ក៏ទទួលបានសំឡេងឆ្នោត electoral votes ពីរដ្ឋទាំងនោះដែរ ដោយត្រូវបែងចែកតាមចំនួនប្រជាជនជាក់ស្តែង។ បេក្ខជនដែលទទួលបានសំឡេងភាគច្រើន នៃអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប ដែលរាប់ចាប់ពី ២៧០រូបឡើងទៅ នោះនឹងឈ្នះតំណែងប្រធានាធិបតី។
៤៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១
ជាថ្ងៃដែលសភាអាមេរិកបើកកិច្ចប្រជុំនៅម៉ោង ១៖០០នាទីរសៀល នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរាប់សំឡេងអ្នកបោះឆ្នោតតំណាង និងប្រកាសបេក្ខជនដែលទទួលបានជ័យជម្នះ។
៥៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
ជាថ្ងៃដែលប្រធានាធិបតីថ្មី និងអនុប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក ត្រូវស្បថឡើងកាន់តំណែងជាផ្លូវការ៕
ប្រភព៖ CNA