(វ៉ាស៊ីនតោន)៖ ខណៈការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅទូទាំងសហរដ្ឋអាមេរិក កំពុងតែប្រព្រឹត្តទៅនៅតាមរដ្ឋនីមួយៗ ក្នុងថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក ឆាដ វូហ្វ (Chad Wolf) បានអះអាងថា គ្មានភស្តុតាណាមួយឡើយ ដែលបានបញ្ជាក់ថា មានការលូកលាន់ដំណើរការបោះឆ្នោតប្រធានាធិបតី ពីសំណាក់បរទេសនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ការលើកឡើងរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងអំឡុងពេលដែលពលរដ្ឋអាមេរិក កំពុងតែបន្តការបោះឆ្នោតប្រធានាធិបតីអាណត្តិ ចំពោះមុខការព្រួយបារម្ភផងដែរថា អាចនឹងមានការលូកលាន់កិច្ចការបោះឆ្នោត ពីសំណាក់ក្រុមអ្នកវាយប្រហារពីបរទេស ដូចដែលអ្នកនយោបាយអាមេរិកមួយចំនួន ធ្លាប់មានព្រមានកន្លងមកនេះ។
នៅក្នុងសន្និសីទព័ត៌មានតាមអនឡាញ លោក Wolf បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានទទួលសញ្ញាថា មានបរទេសណាមួយបានទទួលជោគជ័យ ក្នុងការលូកលាន់កិច្ចការបោះឆ្នោតនោះទេ»។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការជម្រុញឲ្យពលរដ្ឋមានការស្ងប់ចិត្ត និងទៅចូលរួមបោះឆ្នោតទៅតាមកាតព្វកិច្ច។ ពលរដ្ឋអាមេរិកាំងជាង ២៤០លាននាក់ឯណោះ ដែលមានសិទ្ធិបោះឆ្នោតក្នុងអាណត្តិនេះ ខណៈជាង ៩០លាននាក់រួចទៅហើយ បានបោះឆ្នោតមុនកាលកំណត់៕