(ជិនណៃ)៖ ប្រជាជនឥណ្ឌាក្នុងភូមិមួយនៅភាគខាងត្បូងប្រទេស ដែលជាស្រុកំណើតរបស់ក្រុមគ្រួសារលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បាននាំគ្នាបួងសួង សុំឲ្យបេក្ខជនអនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិករូបនេះ បានសម្រេចដូចបំណង ខណៈក្រុមអ្នកកាន់សាសនាហិណ្ឌូមួយចំនួនទៀត នៅក្នុងរដ្ឋធានីញូដេលីឯណោះវិញ បានធ្វើពិធីបួងសួងតាមប្រពៃណី ដើម្បីជូនពរឲ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតមួយអាណត្តិទៀត។ នេះបើតាមការចេញផ្សាយដោយ CNA យប់ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកភូមិជាច្រើននៅក្នុងតំបន់ភាគខាងត្បូងឥណ្ឌា បានទទួលដឹងលឺអំពីដើមកំណើត លោកស្រី Kamala Harris ដែលមានជីតាជាអ្នកស្រុកនៅទីនោះផ្ទាល់ បានបន់ស្រន់សុំឲ្យគណបក្សប្រជាធិបតេយ្យ ដែលមានលោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតីនោះ បានទទួលជោគជ័យ។ ដោយឡែកក្រុមអ្នកកាន់សាសនាហិណ្ឌូ ដែលអះអាងថាមានសមាជិករហូតដល់ទៅ ៥លាននាក់គាំទ្រនោះ បានធ្វើពិធីបួងសួងមួយនៅក្នុងទីក្រុងញូដេលី ដើម្បីជូនពរឲ្យលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ ទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី គឺពិតជាសំខាន់ណាស់ សម្រាប់ប្រជាជាតិឥណ្ឌាទាំងមូល ហើយបើមើលតាមគោលនយោបាយរបស់ លោក ត្រាំ មួយរយៈចុងក្រោយនេះ ឥណ្ឌាបាននិងកំពុងប្រែក្លាយជាដៃគូ កាន់តែសំខាន់លើសពេលណាៗទាំងអស់ សម្រាប់សហរដ្ឋអាមេរិកប្រមូលផ្តុំកម្លាំង ទប់ទល់ជាមួយចិន ហើយឥណ្ឌាក៏នឹងអាចពង្រឹងខ្លួនឯងស្របពេលជាមួយគ្នា ដើម្បីទប់ទល់នឹងប៉ាគីស្ថានផងដែរ៕