(ញូវដេលី)៖ ប្រភពពីរដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា សមយុទ្ធកងនាវារួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ រវាងប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បានចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ខណៈសមយុទ្ធនេះត្រូវបានមើលឃើញថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីថ្លឹងថ្លែងអំណាចយោធា និងសេដ្ឋកិច្ចដ៏ធំរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
សមយុទ្ធយោធាប្រចាំឆ្នាំ ក្រោមឈ្មោះថា Malabar របស់ឥណ្ឌា ជាមួយសហរដ្ឋអាមេរិក និងជប៉ុន នៅឆ្នាំនេះបានពង្រីកដល់ប្រទេសអូស្រ្តាលី ដើម្បីរួមបញ្ចូលសមាជិកទាំងអស់ នៃបណ្តាប្រទេសក្វាដ (Quad) ដែលជាក្រុមក្រៅផ្លូវការមួយ នៃបណ្តាប្រទេសប្រជាធិបតេយ្យធំជាងគេទាំងបួន នៅតំបន់ឥណ្ឌូ-បា៉ស៊ីហ្វិក។ ជុំវិញបញ្ហានេះ ភាគីចិនចោទប្រកាន់សហរដ្ឋអាមេរិក ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងបង្កើតរណសិរ្សរួមគ្នាមួយនេះថា មាន«គំនិតសង្គ្រាមត្រជាក់» និងមានភាពលំអៀងខាងមនោគមវិជ្ជា។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិឥណ្ឌាបានគូសបញ្ជាក់ថា នាវាចម្បាំងឥណ្ឌាចំនួន ០៥គ្រឿង រួមទាំងនាវាមុជទឹកមួយគ្រឿងផងដែរ ត្រូវបានដាក់ពង្រាយឲ្យធ្វើសមយុទ្ធរួមគ្នា ជាមួយនាវាពិឃាតមីស៊ីល John S McCain របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក, នាវាចំបាំង Ballarat របស់អូស្ត្រាលី និងនាវាពិឃាតរបស់ជប៉ុន។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមទៀតថា ក្នុងកំឡុងនៃការធ្វើសមយុទ្ធយោធានេះ មិនមានការប៉ះពាល់គ្នារវាងយោធា នៃប្រទេសទាំងបួននោះទេ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ហើយនៅក្នុងដំណាក់កាលទី១ នៃសមយុទ្ធនេះទៀតសោត នឹងបន្តរហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា។
គួរជម្រាបថា សមយុទ្ធនេះធ្វើឡើងនៅពេលឥណ្ឌាដែលប្រទេសម្ចាស់ផ្ទះ បាននិងកំពុងតែជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅតាមព្រំដែនដែលមានជម្លោះជាមួយចិន។ កងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅជិតៗគ្នា នៅភាគខាងលិចជួរភ្នំហ៊ីម៉ាល័យ ដែលភាគីឥណ្ឌាបានចោទប្រកានកងកម្លាំងចិនថា បានឆ្លងចូលព្រំដែនរបស់ខ្លួន។ ប៉ុន្តែទីក្រុងប៉េកាំង បដិសេធរាល់ការចោទប្រកាន់របស់ឥណ្ឌា ដោយអះអាងថាខាងភាគីឥណ្ឌាទៅវិញទេ ដែលបានសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងតំបន់ដែលមានជម្លោះ ដែលបង្កឲ្យមានវិបត្តិនេះ។
សមយុទ្ធនេះទៀតសោត កើតឡើងចំពេលដែលទំនាក់ទំនងរវាងចិន និងអូស្ត្រាលីក៏កាន់តែអាក្រក់ឡើងផងដែរនៅឆ្នាំនេះ បន្ទាប់ពីកង់បេរ៉ាបានដឹកនាំការអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិ ជុំវិញប្រភពនៃជំងឺឆ្លង COVID-19។ ដោយឡែក ប្រទេសជប៉ុនវិញ ក៏កំពុងមានជម្លោះជាមួយចិន ជុំវិញអធិបតេយ្យភាពនៃកោះ នៅសមុទ្រចិនខាងកើតផងដែរ៕